សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩បានផ្សាយថា អាជ្ញាធរជប៉ុននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) បានកើនឡើងដល់ ៦៧នាក់ហើយ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកំពុងរំខានដល់ប្រតិបត្តិការ ដែលបាន និងកំពុងប្រព្រឹត្តទៅទាំងថ្ងៃទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួន ។
ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងខេត្តចំនួន ៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន ។ ដោយឡែក ក្រៅពីចំនួនមនុស្សស្លាប់ ក៏មានមនុស្សរាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន ខណៈប្រមាណជាង ២០០នាក់ទៀតបានរងរបួស ។ Hagibis ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលព្យុះសាហាវបែបនេះមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះឡើយ ។
គួរជម្រាបថា ព្យុះទីហ្វុង Hagibis បានធ្វើដំណើរចេញផុតពីប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ក៏ប៉ុន្តែវាបានបន្សល់ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយក្នុងនោះផ្ទះប្រជាជនច្រើនជាង ១០,០០០ខ្នង រងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ក្បែរខាងទីក្រុងតូក្យូតែម្តង ។ ដោយឡែកក្រុមអ្នកជួយសង្រ្គោះ និងកម្លាំងស្វ័យការពារជប៉ុន កំពុងតែបន្តប្រតិបត្តិការយ៉ាងសកម្មជាទីបំផុត នៅតំបន់ដែលបានរងការវាយប្រហារពីព្យុះ៕