ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពកាប់បុរសម្នាក់របួស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដេញព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្រោយពីធ្វើសកម្មភាព បង្កហឹង្សា ប្រដាប់ដោយដាវ កាប់ទៅលើអ្នកភូមិ បណ្តាលឲ្យរងរបួសដេរ២១ថ្នេរ កាលពី១០ថ្ងៃកន្លងទៅ រួចគេចខ្លួនមួយរយៈ វិលមកវិញ ចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យឈ្មោះ ពេជ្រ ឌឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិកុយត្របែក ឃុំកុយត្របែក ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះឈ្មោះ ថា សុីថុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្បែរខាងគ្នា មានស្រុកកំណើត ភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រងរបួស ដៃឆ្វេង៣ថ្នេ គូទ១៨ថ្នេរ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ខណៈដែលខ្លួនរៀបចេញទៅស្រុកកំណើត អត់មានរឿងអ្វីសោះជាមួយជនល្មើស ស្រាប់តែជនដៃដល់ខាងលើ ប្រើប្រាស់ដាវ មកកាប់ត្រូវដើមដៃឆ្វេង រងរបួសហើយ ខ្លួនរត់ចេញ ត្រូវបានជនដៃដល់ ដេញតាមកាប់ពីក្រោយ ត្រូវកំបេះគូទ ហើយរត់គេចខ្លួនបាត់ ។ ជនរងគ្រោះបន្តទៀតថា ភ្លាមៗត្រូវបានអ្នកជិតខាងនាំទៅពេទ្យ ដៃដេរ៣ថ្នេរ គូទដេរ១៨ថ្នេរ ជនសង្ស័យរត់គេចទៅបាត់ ជនរងគ្រោះ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ស្រាប់តែនៅព្រឹក ថ្ងៃទី១៥ ខែតុលានេះ ឃើញជនសង្ស័យវិលមកនបន្ទប់វិញ រាយការណ៍ប្តឹងប៉ូលិស ចុះទៅតាមចាប់ ជនសង្ស័យគ្រាន់តែក្រឡេកឃើញ កម្លាំងប៉ុូលិស រត់ចុះទឹកត្រពាំង ឡោមព័ទ្ធ ចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖