ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តបង្សុកូលថ្វាយរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ស្ថិតក្នុងឱកាសដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួតនៅទូទាំងប្រទេសក៏ ដូចនៅក្រៅប្រទេសចូលរួមពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនៈកោដ្ឋ ដែលបានយាងចូលទីវង្គតគំរប់ខូប៧ឆ្នាំនាថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៩អង្គ ដើម្បីសូត្រមន្តបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម រតនះកោដ្ឋ ។

កូនចៅ ចៅទួតប្រជានុរាស្ត្រគ្រប់រូបតែងតែចងចាំជានិច្ចនូវព្រះរាជគំរូវីរះភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការដ៏ធំធេងរបស់ព្រះវីររាជបិតាជាតិ ព្រះបរមរតនៈកោដ្ឋជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិ និងប្រជារាស្ត្រ ព្រមទាំងបួងសួងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនៈកោដ្ឋបានទៅសោយសុខក្នុងឋានព្រះបរមសុខ ជាទីដ្ឋានដ៏គាប់ប្រសើរ និងសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋជាទី គោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងចូលទិវង្គតក្នុងព្រះជន្មាយុ៩០ ព្រះវស្សា នាមន្ទីរពេទ្យ ទីក្រុងប៉េកាំង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ នៅថ្ងៃទី១៥ តុលា នេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័នជាតិបានអញ្ជើញទៅដាក់កំរងផ្កានៅស្តូបព្រះបរមរូបព្រះ បរមរតនៈកោដ្ឋ នៅខាងកើតវិមានឯករាជ្យ និងនៅតាមស្ថាប័ន អង្គភាព រាជធានីខេត្ត ក៏បានបង្សុកូលថ្វាយព្រះរាជកុសលដល់ព្រះបរមរតនៈកោដ្ឋសូមបានយាង ទៅសោយព្រះបរមសុខក្នុងឋានសុខគតិភពកុំបីខានឡើយ ៕ សំរិត


ចែករំលែក៖