ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តាបុករងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសLX 470មួយគ្រឿងបើកបរដោយបុរសជនជាតិចិនបានបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តាបើកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦​ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចស្តុបវត្តនាគវ័ន្ត​ តាមបណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសLX 470 ​ ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2W 7866 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដោយភ្លើងស្តុបខៀវក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវទៅជើងភ្លាមនោះ ក៏មានរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ 2BC 0434​ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖