ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាស្តាក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច និងដួលរបាំងថ្មមួយកង់ផងដែរ តែមិនមានមនុស្សរងរបួស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកម៉ាស្តា ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AX 6369 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលរលំអស់មួយកង់កល់ជាប់ទៅមុខលែងរួច តែមិនមានមនុស្សរងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ