ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចស្រាបៀរ GANZBERG មួយកេស ត្រូវលោកចៅក្រមសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ចោរលួចស្រាបៀរ GANZBERG ចំនួនមួយកេសនៅស្រុកលើកដែក នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោក អាត ចន្ឌ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ ខែតុលា តាមមាត្រា៣៥៤ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទឈ្មោះថន វ៉ាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះទន ហ៊ន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលស្រុកលើកដែកបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ។ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យលីស្រាបៀរចេញពីផ្ទះរបស់ខ្លួនដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិច ។ ជនរងគ្រោះបានដើរតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនមកកាន់អធិការដ្ឋានបន្តដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖