ព័ត៌មានទាន់ហេតុការណ៍៖

ចិន​៤នាក់​បាន​មក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ នៅ​ខេត្ត​ព្រះសីហនុច្រើនលើក​ ពេល​ចាប់​បាន​ ស្រាប់តែ​គ្មាន​លិខិត​ឆ្លងដែន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៩ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញមុខ​ជនសង្ស័យ​ ជាជនជាតិចិន ចំនួន​៤នាក់​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ បាន​ថត​រូប​ និង​ធ្វើ​ព័ត៌មាន​ មុន​នឹង​បញ្ជូន​មុខ​សញ្ញា​ទាំង​នោះ​ ទៅ​កាន់​សាលា​ដំបូង​ខេត្ត។

លោកឧត្តមសេនីយ៍ត្រី​កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យទាំង៤នាក់មានឈ្មោះ​ ១/ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ។ ២/ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ៣ / Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤ / Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ (ជន​ជាតិ​ចិន​ទាំង​៤​នាក់​ គ្មាន​លិខិតឆ្លងដែនទាំងអស់​។

លោក​ កុល​ ផា​លី​ ស្នងការ​រង​ បាន​បញ្ជាក់បន្ថែម​ថា​ កន្លង​មក​ មុខ​សញ្ញា​ជន​ជាតិ​ចិន​ទាំង​៤នាក់​នេះ​ បាន​ប្រព្រឹត្តអំពើចោរកម្ម ប្រើប្រាស់ឧបករណ៍​ទំនើប​ៗ អាច​ដោះ​សោរ​ស្វ័យប្រវត្តិ ហើយ​លួចយកទ្រព្យសម្បត្តិ​​ជាច្រើនករណី ជា​ពិសេសកាច់សោរកលួចម៉ូតូ ។

តាមចម្លើយសារភាព របស់​ជនសង្ស័យទាំង៤ បានឲ្យដឹងថា​ ៖ មាន២នាក់​ ក្នុង​ចំណោម​គ្នា​វា​៤​នាក់​ គឺ ឈ្មោះ Zhou Wen និង​ ឈ្មោះ Tan Bei បាន​ធ្វើ​សកម្មភាព​វាយប្លន់ជនរងគ្រោះម្នាក់​ ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមផ្លូវ ជិតអង្គការ​ ម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ​៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សំភារៈបាត់បង់៖ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។

នៅ​ព្រឹក​មិញ​នេះ​ នគរបាលបានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ម៉ូតូវិញផងដែរ ក្រោយដកហូតបានពីក្រុមជនសង្សយ័ដែលបានលួចយកមុនពេលចាប់ខ្លួន៕ ឆ្លាម សមុទ្រ​

 


ចែករំលែក៖