កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ហេតុការណ៍រញ្ជួយដីទ្រង់ទ្រាយធំ ៦.៤រ៉ិចទ័រ ជម្រៅ១៤គីឡូម៉ែត្រ វាយប្រហារនៅភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន បង្កឲ្យមនុស្សស្លាប់, រងរបួស, រលំផ្ទះសម្បែង ជាពិសេសបណ្តាលឲ្យអគ្គិឆាបឆេះផ្សារទំនើប Gaisano កម្ពស់៣ជាន់តែម្តង ។
ភ្នាក់ងារសិក្សាស្រាវជ្រាវអំពីការរញ្ជួយដី និងភូមិសាស្ត្រអាមេរិក (USGS)បានបញ្ជាក់ថា ក្រោយការរញ្ជួយដី៦.៤រីចទ័រ នៅមានការរញ្ជួយដី២លើកបន្តបន្ទាប់គ្នាទៀតផងដែរ ។ មនុស្សជាច្រើននាក់ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅឋានទៅរកទីសុវត្ថិភាព ។
មន្ត្រីហ្វីលីពីនបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា កុមារម្នាក់បានស្លាប់ដោយសារបាក់រលំផ្ទះសង្កត់ ស្ថិតនៅទីក្រុង ដាតូស ប៉ាឡាស ខណៈដែលមនុស្សនៅជិតទីប្រជុំ តូលូណាន ៤នាក់ផ្សេងទៀតរងរបួស ។ នៅទីនោះ ផ្ទះ២ខ្នងបានបាក់រលំ ។ ផ្សារទំនើងមួយនៅទីក្រុង ចេនឺរ៉ល សានតូស ត្រូវអគ្គិឆាបឆេះ ក្រោយហេតុការណ៍រញ្ជួយដីកើតឡើងភ្លាមៗ ។
នៅទីក្រុង មីនដាណាវ មិនមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់នោះទេ ។ ប៉ុន្តែនៅទីក្រុង ម៉ាងសេសេ មនុស្ស២០នាក់បានរងរបួស ។ ជាមួយគ្នានេះ នៅទីក្រុង មឡាំង មនុស្ស៣នាក់រងរបួស ។ យ៉ាងណាក៏ដោយ ការរញ្ជួយដីនេះ មិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ។
អ្នកយាមល្បាតម្នាក់ ឈ្មោះ សីលីណា សារតេ បានប្រាប់ប្រភព AFP តាមទូរស័ព្ទ ពីទីប្រជុំជន បានសាឡាន(Bansalan)ថា “យើងបានរត់ចេញពីស្ថានីយប៉ូលីស ហើយយើងក៏បានអនុញ្ញាតឱ្យអ្នកទោសនៅឯពន្ធនាគារក្នុងទីក្រុងបានសាឡាននេះចាកចេញផងដែរ ដើម្បីសុវត្ថិភាព” ។ លោកស្រីបាននិយាយថា អ្នកទោស១០ នាក់ ត្រូវបានដាក់ខ្នោះ ហើយអនុញ្ញាតឲ្យនៅខាងក្រៅពន្ធនាគារបណ្តោះអាសន្ន ៕