ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ព្រមទាំងដកហូតបានថ្នាំញៀន៦កញ្ចប់ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង២ និង៣០រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំនៅភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ទី១-ឈ្មោះ មឿង កាណាល់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី២-ឈ្មោះ ហៀង រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី៣-ឈ្មោះ ឌី ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។ និងទី៤-ឈ្មោះ គិត ដារាវិន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅស្ថិតនៅភូមិកែណរ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋថា នៅបន្ទប់ជួលកើតហេតុខាងលើមានក្មេងៗចេញចូលរៀងរាល់ថ្ងៃ និងយប់ លោកបានបញ្ជាកម្លាំងដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ និងលោកអនុសេនីយ៍ឯក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោ បានចុះទៅដល់បន្ទប់ជួលកន្លែងកើតហេតុ ។
លោកបានបន្តទៀតថា ពេលដែលកម្លាំងសមត្ថកិច្ចនគរបាលចុះទៅដល់បន្ទប់ជួលកន្លែងកើតហេតុ ក៏បានឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ រួចក៏សមត្ថកិច្ចក៏បានយកជនសង្ស័យមកសួរនាំនៅអធិការដ្ឋានខណ្ឌដង្កោ ។
បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីទាំង៤នាក់រួម និងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រង់ចាំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ