ខេត្តបន្ទាយមានជ័យ ៖ ម្ដាយឪពុក បានត្រឹមតែអង្គុយមើលមុខសពកូន យំបោកខ្លួនដូចសត្វអក ដោយសារតែកូនជាទីស្រឡាញ់ស្មើជីវិត បានលង់ទឹកស្លាប់ បាត់បង់ជីវិតតែមួយប៉ប្រិចភ្នែក កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោករ័ត្ន ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ ជីវ៉ាន ភេទស្រី អាយុ១០ឆ្នាំ ឪពុកឈ្មោះ ផាន់ វី អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ ពូន តុប អាយុ៣០ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ អ៊ំស្រីរបស់កុមាររងគ្រោះ បានចេញពីផ្ទះទៅបោចស្មៅ ស្របពេលនោះ កុមារីរងគ្រោះ បានសុំអ៊ំទៅលេងទឹកដែរ ហើយអ៊ំស្រីក៏បាននិយាយថា ប្រយ័ត្នលង់ទឹកស្លាប់ ក្មេងស្រីបាននិយាយថា ខ្ញុំទៅ២នាក់មិត្តភក្ដិ។ និយាយរួច អ៊ំស្រីក៏ទៅបោចស្មៅបាត់។ លុះវិលត្រឡប់មកផ្ទះវិញ នៅមិនឃើញក្មួយស្រីមកផ្ទះទៀត សង្ស័យ នាំគ្នាទៅរកនៅក្រោយផ្ទះឃើញកុមារីដែលទៅជាមួយបានត្រឹមតែឈរមើលមិត្តភក្ដិលង់ទឹក មិនអាចជួយអ្វីបាន ដោយសារតែកុមារីលង់ទឹកយូរពេក គ្មានអ្នកណាដឹង ក៏បណ្តាលឲ្យកុមារីនោះស្លាប់ទៅ។ ម្តាយ ឪពុក អ៊ំស្រី និងអ្នកភូមិ បានត្រឹមតែស្រង់កូនយកមកផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ ៕ សំ វិច្ឆិកា