ភ្នំពេញ៖ តារាសម្តែងប្រុសសម្បូរពុកមាត់ លោក សឿន វីតា បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខក្នុងតំណែងធំមួយក្នុងការលក់ដូរអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េ ។ ត្រឹមរយៈពេលជាង២ខែតារាប្រុសរូបនេះរកចំណូលបានប្រមាណជាង១ម៉ឺនដុល្លារអាមេរិកដែលធ្វើឲ្យលោកទទួលបានតំណែងធំមួយប្រចាំនៅកម្ពុជានិងសម្រេចចិត្តមិនទទួលថតភាពយន្តរហូតដល់ទៅ៥រឿងបន្តបន្ទាប់គ្នា ។
មមាញឹកនឹងការងារថ្មីប្រមាណជាង២ខែប៉ុណ្ណោះ សឿន វីតា បានផ្លាស់ប្តូមុខមាត់ និងជីវភាពកាន់តែខ្ពស់ក្រោយពីលោកទទួលបានឱកាសជាអ្នកដឹកនាំលក់ផលិតផល យីហោ Korea Pure ដែលជាអាហារបំប៉នវីតាមីនល្បីឈ្មោះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ។ តារាសម្តែងរូបនេះលើកឡើងថា ក្នុងរយៈពេលជាង២ខែមកនេះលោករកបានចំណូលពីការលក់ប្រមាណ១៣០០០ដុល្លារអាមេរិកពីការលក់ ទើបត្រូវផ្អាកការងារសិល្បៈ ប៉ុន្តែលោកមិនផ្អាកទាំងស្រុងទេ ។ លោកថាការសម្រេចចិត្តទទួលយកការងារនេះក្រោយពីគិតបានយ៉ាងល្អិតល្អន់ខណៈដែលវាគឺជាផលិតផលសុខភាពល្អមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនិងមានការធានារ៉ាប់រងមួយត្រឹមត្រូវ ។ លោកថានៅកម្ពុជាលោកមានតំណែងមួយដែលគេហៅថា Blue Dragon និងមានក្រុមការងារលក់ប្រមាណជាង៣០០នាក់រួចមកហើយ ហើយក៏កំពុងបន្តស្វែងរកបន្ថែមដែលក្នុងម្នាក់ៗអាចរកចំណូលបានចាប់ពី៥០ដុល្លារអាមេរិកឡើងទៅក្នុងមួយថ្ងៃ ។ លោកក៏ទើបនឹងទទួលបានឱកាសដើរកម្សាន្តនៅតាមបណ្តាប្រទេសនានាជាច្រើន ក្រោយការលក់របស់លោកទទួលបានជោគជ័យច្រើន ។ លោកបន្តទៀតថាអាហារបំប៉ននេះមានគុណប្រយោជន៍សម្រាប់អ្នកជំងឺ ក្រពះ ពោះវៀន ថ្លើម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ .ល. ។
លោកថាថ្មីៗនេះមានផលិតករទាក់ទងឲ្យលោកចូលរួមសម្តែងមិនក្រោម៥រឿងទេ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនទទួល ។ លោកថា មានតែការថតតិចតួចប៉ុណ្ណោះសម្រាប់ផលិតកម្ម LD និងផលិតកម្ម Town ដែលសូម្បីអាជីពជួយរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ពីមុនក៏លោកផ្អាកផងដែរ ។
បើទោះបីជាជោគជ័យខ្លាំងនឹងមុខជំនួញថ្មី ប៉ុន្តែលោកមិនមានគម្រោងបោះបង់ការងារសិល្បៈចោលទាំងស្រុងទេ គឺលោកនៅតែឆ្លៀតពេលសម្រាប់ការងារដែលលោកស្រលាញ់ដដែល៕ វឌ្ឍនា