ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសដល់សាធារណជន សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តាខេត្តមួយចំនួន កម្រិតទឹកភ្លៀង នឹងចុះពីតិច មកខ្សោយ និងមួយផ្នែកទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិច ទៅមធ្យម ឬបង្គួរ ។ ក៏ប៉ុន្តែក្នុងរយៈពេល ១សប្តាហ៍នេះ ក្រសួង បានប្រកាស សូមសាធារណជន បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើង ជាយថាហេតុ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បង្ហាញថា តាមរយៈការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែក សម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា៖ ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន បាន និងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា ។ ខណៈនៅភាគខាងក្រោម ទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង។

អាស្រ័យដូចបានព្យាករខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា លក្ខណៈបែបនេះ នឹងធ្វើឲ្យ៖ ១- ចាប់ពីថ្ងៃទី ១៨-២៤ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ ។

២-ចាប់ពីថ្ងៃទី ១៨-២៤ ខែតុលា ៖ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង នឹងអាច មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី ២០-២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងចុះមកតិច ។

៣-ចាប់ពីថ្ងៃទី ១៨-២១ ខែតុលា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាលព្រៃវែង ស្វាយរៀង តាកែវ កំពត សីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានរៀងពីតិចទៅបង្គួរ ទន្ទឹមនោះ អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ ចាប់ពីថ្ងៃទី២២-២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចមកមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសដល់សាធារណជន សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅកើតមានជាយថាហេតុ ពិសេសបណ្តាខេត្តតំបន់វាលទំនាប ៕


ចែករំលែក៖