ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ សុក្រ៥រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំងចម្រុះចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើសកម្មភាពល្មើសច្បាប់ក្នុងខេត្តព្រះសីហនុ ដោយបានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំង ទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើចាប់ជំរិតនេះកើតមាន នៅភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួនផងដែរ គ្រាដែលជនរងគ្រោះជនជាតិចិនម្នាក់មានវ័យជាង៣០ឆ្នាំ ត្រូវឧក្រិដ្ឋជនជាជនជាតិចិនដូចគ្នាធ្វើទារុណកម្ម បណ្តាលឲ្យរងរបួសពេញខ្លួន ហើយពេលសមត្ថ្ថកិច្ចចូលទៅរំដោះបានភ្លាមជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់ កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមឧក្រិដ្ឋជនបានប្រើហឹង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់300$ទឹកសុទ្ធមួយដប100$) ដោយពួកគេ ផ្ញើរូបភាពតាមប្រព័ន្ធអេឡិចត្រូនិកក្នុងការធ្វើទារុណកម្មនិងទារលុយជាច្រើនរួមជាមួយថ្លៃបាយពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិនឲ្យផ្ញើមកពួកគេ ទើបគេដោះលែង ។
យ៉ាងណាសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់លម្អិតពីអត្តសញ្ញាណ និងសាវតា របស់ជនរងគ្រោះនិងឧក្រិដ្ឋជននៅឡើយទេដោយសមត្ថកិច្ចអះអាងថាកំពុងសាកសួរក្រុមឧក្រិដ្ឋជន និងកំពុងស្រាវស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកសេសសសល់បន្តទៀត ៕ប្រាថ្នា