ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតរៀបចំទិវាបរិស្ថានបំផុសស្មារតី ឲ្យពលរដ្ឋចូលរួមអនាម័យថែរក្សាបរិស្ថាន និងបានអំពាវនាវឲ្យពួកគាត់ក្នុងមូលដ្ឋានចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងគោលបំណងឲ្យមានការវិចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ កុំឲ្យស្ទះប្រព័ន្ធលូ ប៉ះពាល់សុខមាភាពរស់នៅប្រចាំថ្ងៃ និងដើម្បីបង្កើនសោភ័ណ្ឌភាពក្រុងមានភាពល្អប្រសើរ ទទួលបានកុលាប៣ទង ជាទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ តាមដងផ្លូវជាតិលេខ៥ពីចំណុចសាលាក្រុងប៉ោយប៉ោយ រហូតដល់រង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
លោក អភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលបានប្រាប់ថា រដ្ឋបាលក្រុងប៉ោយប៉ែតរៀបចំទិវាបរិស្ថាន និងមានការចូលរួមពីមន្រ្តីរាជការ មន្ត្រីបរិស្ថាន ពាក់ព័ន្ធជុំវិញក្រុង អាជ្ញាធរភូមិ ឃុំ កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមហ៊ុនអានាម័យស៊ីនទ្រី ប្រមាណ៣០០នាក់ក្នុងគោលបំណង បំផុសស្មារតីឲ្យប្រជាពលរដ្ឋគ្រប់រូបយល់ដឹង កាន់តែច្បាស់ ពីផលប៉ះពាល់ដែលកើតឡើងពី កាកសំណល់ដែលប៉ះពាល់ ទៅលើសុខភាព និងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យបានទូលំទូលាយ ។
លោក បានឲ្យដឹងទៀតថា ការប្រារព្ធទិវាបរិស្ថាន ត្រូវបានធ្វើជារៀងរាល់៣ខែម្តង ឬ៦ខែម្តង ដើម្បីរួមចំណែកទាំងអស់គ្នាធ្វើអនាម័យ បោសសំអាត និងទទួលខុសត្រូវ នៅតាមមុខផ្ទះរៀងៗខ្លួន ទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ទាំងកន្លែងសាធារណៈ រោងចក្រ សហគ្រាស សាលារៀន ក្រុមហ៊ុនឯកជន និងរដ្ឋ ងាយស្រួល និងផ្តល់ភាពឆាប់រហ័សដល់ក្រុមហ៊ុនមកប្រមូលទាន់ពេលវេលា កាត់បន្ថយភាពយឺតយ៉ាវ មិនធ្វើឲ្យសំរាមគរស្អុយរលួយ មិនបណ្តាលឲ្យស្ទះប្រព័ន្ធលូ មិនប៉ះពាល់សុខភាពរបស់ពួកគាត់ផងដែរ ។
លោកបញ្ជាក់ថា រដ្ឋបាលក្រុងប៉ោយប៉ែត និងខិតខំប្រឹងប្រែង ធ្វើការអភិវឌ្ឍន៍ និងថ្ងៃបន្ទាប់នេះ និងមានរថយន្តផ្សព្វផ្សាយតាមឃោនាស័ព្ទ អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់បរិស្ថាន និងផាកពិន័យចំពោះជនណាដែលយកសំរាមចោលពាសវាល ពាសកាល ហើយរដ្ឋបាលក្រុងប៉ោយប៉ែតសង្ឃឹមថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រុងប៉ោយប៉ែតនិងទទួលបានកុលាប៣ទង ជាទីក្រុងស្អាតផងដែរ៕ នីម វណ្ណា