ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថា ក្រុមចោរកាច់ក.ម៉ូតូ នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឃើញថា មានការកើនឡើងយ៉ាងខ្លាំងស្ទើររាល់ថ្ងៃ ដោយពួកគាត់សំណូមពរដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាថ្នាក់លើមេត្តាចាត់កម្លាំងឲ្យមានការជិះល្បាតក្នុងភូមិសាស្រ្ត ដើម្បីការពារសុវត្ថិភាពជូនពួកគាត់ទាំងអស់គ្នាឲ្យមានភាពកក់ក្ដៅ ។
ជាក់ស្តែងកាលពូវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងម៉ាកឌុក ស្លាកលេខភ្នំពេញ 1CS-6660 ស៊េរីឆ្នាំ២០១៥ បានឈប់ម៉ូតូដេកមុខផ្ទះពលរដ្ឋ ហើយត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍អូរឬស្សីទី៣ ប៉ុន្តែត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ បែរជាឆ្លើយដាក់គ្នា រុញឲ្យទៅប្ដឹងនៅប៉ុស្តិ៍មនោរម្យវិញ ធ្វើឲ្យជនរងគ្រោះ អស់សង្ឃឹមទៅលើសមត្ថកិច្ច ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ពីបញ្ហាពលរដ្ឋទាល់តែសោះ ។
ជាពិសេសពលរដ្ឋ សំណូមពរទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ឲ្យជួយមើលមន្ត្រីក្រោមឱវាទផង មេត្តាមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋ ខណៈដែលពួកគាត់បាត់បង់ទ្រព្យសម្បត្តិហើយ ទៅប្ដឹងមន្ត្រីប៉ុស្តិ៍ហាក់ដូចជាមិនអើពើទល់តែសោះ ដូច្នេះសូមឲ្យលោកអធិការជួយចាត់វិធានការផង កុំឲ្យកើតរឿងដដែលៗបែបនេះទៀត ៕ ស រស្មី