ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីទែនហ្គាសដ៏ធំ ពន្លះទ្រូងផ្លូវបាក់អស់៣កង់ តែមិនផ្ទុះឆេះនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តដឹកស៊ីទែនហ្គាសដ៏ធំរបស់ក្រុមហ៊ុន តារា ធី សុី ហ្គាស មួយគ្រឿង បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្មអស់៣កង់ កល់រថយន្តជាប់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យប៉ះពាល់ដល់ស៊ីទែនហ្គាសធ្វើឲ្យផ្ទុះឆេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងឃើញហេតុការណ៍ខាងលើនេះ បានប្រាប់ឲ្យដឹងថា ដំបូងរថយន្តបង្កដឹកស៊ីទែនហ្គាសដ៏ធំនេះ ពាក់ស្លាកលេខ ភ្នំពេញ 4A-4356 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យតែតៃកុងងងុយដេក ក៏រេចង្កូតទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន៣កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច ។

ក្នុងហេតុនេះដែរ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិរដ្ឋ និងរថយន្តបង្កតែប៉ុណ្ណោះ ។ នេះសំណាងហើយ​ ដែលមិនប៉ះពាល់ដល់ស៊ីទែនហ្គាសធ្វើឲ្យផ្ទុះឆេះនោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖