ភ្នំពេញ ៖ កងទ័ពជើងទឹកម្នាក់បានស្លាប់គួរឲ្យអាណោចអាធម័ និងស្ត្រីម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់បន្ទាប់ពីមានរថយន្តសាមយ៉ុងមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ជិះឆ្លងផ្លូវចូលបន្ទាយ ទាហានជើងទឹក អូសប្រហែលជាង២០ម៉ែត្រ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុច ច្រកចូលបន្ទាយទាហានជើងទឹក ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឈឹម ស៊ីណាត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបជាមន្ត្រីយោធាជាន់ខ្ពស់ សក្ដ័បួនកន្លះ តួនាទីរងអធិការកិច្ច ស្នាក់នៅបន្ទាយទាហានជើងទឹក សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើត ស្រុកលង្វែក ខេត្តកំពង់ឆ្នាំង ។
អ្នកបើករថយន្តបង្កមានឈ្មោះ ខាត់ សៀវហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សុីស្នួលបើករថយន្តឲ្យគេ មានស្រុកកំណើត នៅភូមិចារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាមយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2S.5664 ដឹកអីវ៉ាន់ពេញធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផង បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GD 6729 ជិះបុរសម្នាក់ជាមន្ត្រីយោធាជើងទឹកឌុបស្ត្រីម្នាក់កំពុងឆ្លងផ្លូវទឹសដៅពីជើងទៅត្បូង បត់ទៅកើតចូលបន្ទាយទាហានជើងទឹក បុកពេញទំហឹង អូសម៉ូតូ និងបុរសម្នាក់ជាមន្ត្រីយោធាជាប់នៅមុខរថយន្តជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗ និងស្ត្រីដែលជាអ្នករួមដំណើររងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ដោយឡែក សពរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ