ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅទិញម្ហូបត្រូវរថយន្តហ៊ីយ៉ាន់ដាយសណ្តោងដឹកត្រីធុនយក្សមួយគ្រឿង បុកពីក្រោយកិនពីលើពេញទំហឹងរួចព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់) មានឈ្មោះ ហុង សារ៉ាយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរសារមន្ទីរជើងឯក មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាអ្នកអង្គុយនៅពីក្រោយ ។ ចំណែកម្នាក់ទៀតរងរបួសស្រាលមានឈ្មោះឈន តយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបោកអ៊ុតស្នាក់នៅម្ដុំ ក្តាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមប្រភពពីជនរងគ្រោះរងរបួសស្រាល និងជាអ្នកបើកបរម៉ូតូបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-7883 ធ្វើដំណើរទិសពីត្បូងទៅជើងបំណងទៅទិញម្ហូប ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហុីយ៉ាន់ដាយសណ្តោយដឹកត្រីធុនយក្សគ្រឿងក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7659 បើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់បើកមកពីក្រោយបុកម៉ូតូរបស់ខ្លួនបណ្តាលខ្ទាតមិត្តភក្តិអង្គុយនៅខាងក្រោយ ចូលកង់រថយន្តខាងក្រោយផ្នែកខាងស្តាំកិនស្លាប់ភ្លាមៗនៅកន្លែងកើយហេតុ ចំណែករូបគាត់ជាអ្នកបើកខ្ទាតចេញក្រៅរងរបួសស្រាល ។
ប្រភពបានបន្តទៀតថា ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់បានប្រមាណជាង៣០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានដេញចាប់បានរថយន្តបង្ក និងអ្នកបើកបរ និងព្រូ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោរដើម្បីសួរនាំបន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ