ព័ត៌មានទាន់ហេតុការណ៍៖

លោក​ Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា​ ៖​ “ខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសដ៏ល្អរបស់យើងទាំងពីរ”

ចែករំលែក៖

ភ្នំពេញ៖ លោក​ Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា​ ថ្លែងថា​ “ខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសដ៏ល្អរបស់យើងទាំងពីរ”។

ហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ ចេញផ្សាយនៅរសៀលថ្ងៃទី២០​ ខែតុលា​ នេះ​ ថា​”ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត Patrick Murphy មានកិត្តិយសថ្វាយលិខិតមួយរបស់លោកប្រធានាធិបតី Trump ជូនព្រះករុណា ព្រះបាទ នរោត្តម សីហមុនី​ ។ បន្ទាប់ពីលោកបានថ្វាយសារតាំងហើយ លោកឯកអគ្គរដ្ឋទូតនឹងជួបជាមួយសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា”។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ លេីកយកសម្តីរបស់លោក​ Patrick Murphy មកចុះផ្សាយថា​ “ខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសដ៏ល្អរបស់យើងទាំងពីរ”។ សូមតាមដានក្រោយឆាក ក្នុងពេលដែលលោកត្រៀមខ្លួនទៅកាន់ព្រះបរមរាជវាំង​ ។

ដោយឡែក​ លោក​ ផៃ​ ស៊ីផាន​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ បានជូនពរនិងស្វាគមន៍​ ចំពោះលោកឯកអគ្គរដ្ឋទូត​ ។

លោក​ ផៃ​ ស៊ីផាន​ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក​ នៅថ្ងៃទី២០​ ខែតុលា​ ដែរថា​ “សហប្រតិបត្តិការជិតស្និទ្ធ និងទំនាក់ទំនងប្រសេីរ គោរពផលប្រយោជន៍​ ប្រជាជាតិគ្នាទៅវិញទៅមកជាអទិភាព​ ។

ផលនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព បានស្វាគមន៍ ឯកឧត្តម​ គ្រប់ទិសទី មិនថា ជនបទ ឫទីក្រុងនោះឡេីយ។ ប្រជាពលរដ្ឋកម្ពុជា ស្វាគមន៍ ឯកឧត្តម យ៉ាងកក់ក្តៅ ជាមួយនិងភាពញញឹមរាក់ទាក់ ស្មោះស្ម័គ្រ ឥតលាក់លាម និង បំណងជូនដល់ឯកឧត្តម ជួយបន្ថែម បន្ត ពង្រឹង ស្ថានភាពបវរនេះតទៅមុខទៀត។

លោក​ ផៃ​ ស៊ីផាន​ បន្តថា​ “អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំែណក ចូលរួម របស់សហរដ្ឋអាមេរិកផងដែរ​ ។ កម្ពុជា ជាប្អូនស្រីរបស់ប្រជាជាតិអ្នក​”៕ ចេស្តា


ចែករំលែក៖