ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូកិនយុវជនប្រុសស្រីពីរនាក់បែកសាកសពស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបុកម៉ូតូពីក្រោយកិនយុវជនប្រុស ស្រី ពីរនាក់បែកសពជា ពីរ ស្លាប់យ៉ាងអាណោចអាធ័ម ។ រថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ នៅចំណុច ខាងលិចស្តុបទួលពង្រ ជាង៥០ ម៉ែត្រក្នុងភូមិចោមចៅ ៣ ក្នុងសង្កាត់ចមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះទី១ មានឈ្មោះ ម៉ាន់ គឹងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត ភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ស្លាប់អ្នកបើកម៉ូតូ) ។ សពជនរងគ្រោះទី ២ មានឈ្មោះ ខេង លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ មានស្រុកកំណើតផ្ទះលេខ ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់អង្គុយនៅពីក្រោយ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បើកបរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-5624 ជិះដោយ យុវជនប្រុស ស្រី 2 នាក់ ស្របទិសដៅគ្នានៅខាងមុខ ពីក្រោយបណ្ដាលឲ្យដួលទៅនឹងថ្នល់រថយន្តកិនពីលើបែកសាកសពស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ។

ចំណែករថយន្តបង្កឃើញសភាពមិនស្រួល បើករត់ចេញពីកន្លែងកើលហេតុ តែប្រជាពលរដ្ឋនាំគ្នាជួយដេញតាមពីក្រោយដោយដេញមិនទាន់ធ្វើឲ្យរថយន្តបង្កបើករត់ខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ទុកជូនសាច់ញាតិវិញ ។

ដោយឡែកសពយុវជនប្រុសស្រីទាំង ពីរ នាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖