ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ២នាក់លួចគាស់ទូដែកក្នុងរោងចក្រកាត់ដេរមួនតៃប្រមូលយកប្រាក់ជាង៥ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្ដសញ្ញាណ បានលួចគាស់ទូរដែកក្នុងរោងចក្រកាត់ដេរយីហោ មួន តៃ ប្រមូលយកប្រាក់ជាង៥ម៉ឺនដុល្លារហសរដ្ឋអាមេរិក រួចរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែតុលា វេលាម៉ោង ៤និង២០នាទី ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តា ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៣០ជាងឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា គេចខ្លួន។ ចំណែកជនរងគ្រោះជាតំណាងរោងចក្រ ឈ្មោះ  លឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ ។

ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន៥០,៥២៣,៤៤ដុល្លារហសរដ្ឋអាមេរិក រីឯសម្ភារៈដកហូតបានមាន៖  ទូរដែកទំហំ៦០សង់ទីម៉ែត្រគុណ៥០សង់ទីម៉ែត្រចំនួន១  ,អាវយឺតមនុស្សស្រីដៃវែងចំនួន១៨អាវ ,ម៉ាឡេតចំនួន១ និងទួណឺវីសចំនួន១ផងដែរ ។

ប្រភពដដែលបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាតំណាងរោងចក្រ និងខាងគណនេយ្យ បានទុកទូរដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ ។ លុះដល់វេលាម៉ោង៥និង១០នាទី ពេលដែលឈ្មោះ យូរ៉ាន់ ជាបុគ្គលិកផ្នែកបើកបរចូលទៅស្កែនមេដៃដើម្បីបើកឡានដឹកភ្ញៀវរបស់រោងចក្រ ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ចេញមកនៅខាងមុខបន្ទប់ ដោយមានស្នាមគាស់  ភ្លាមនោះ គាត់ក៏បានដើរទៅហៅជនជាតិចិនដែលស្នាក់នៅខាងក្រោយអគាររោងចក្រឲ្យមកមើល និងបានរាយការណ៍ ជូនសមត្ថកិច្ចចុះទៅពិនិត្យឆែកមើលតាម រយ: កាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ដែលមានភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើងចូលទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់អូសទូរដែកចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង ។

ករណីនេះ កម្លាំងនគរបាលជំនាញបច្ចេកទេសខេត្ត និងកម្លាំងនគរបាលជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង​ជ័យ​


ចែករំលែក៖