ពេលថ្មីៗ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន ជាលើកដំបូង ក្រោយពេល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លុបកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ធ្វើឲ្យក្រុមនេះបង្កើនការវាយប្រហារទៅលើទីតាំងនានានៅអាហ្វហ្គានីស្ថាន ។
លោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃទី២០ ខែតុលា។ ជាទស្សនកិច្ចដោយឥតព្រាងទុកដែល ប្រព្រឹត្តទៅតែមួយខែកន្លះក្រោយពីលោកដូណាល់ ត្រាំ បានប្រកាសផ្តាច់ការចរចាសន្តិភាពជាមួយពួកការលីបង់។ ក្នុងពេលទន្ទឹមគ្នានេះ តំណាងពិសេសរបស់សហភាពអឺរ៉ុបស្តីអំពីអាហ្វហ្កានីស្ថានបានអំពាវនាវឱ្យមានការឈប់បាញ់នៅអាហ្វហ្កានីស្ថាន ដោយពន្យល់ថាការផ្អាកការចរចាជាឱកាសនៃបញ្ឈប់ជម្លោះ។
ទស្សនកិច្ចលើកដំបូងនៅអាហ្វហ្កានីស្ថាន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករបស់លោក អេស្ពែរ ប្រព្រឹត្តទៅក្នុងបរិបទដ៏ស្រពិចស្រពិលបំផុតនៃជោគវាសនារបស់កងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន ក្រោយពីលោកដូណាល់ ត្រាំ បានសម្រេចបញ្ឈប់ងក់ការចរចាសន្តិភាពអាមេរិក-តាលីបង់។
បើតាមលោករដ្ឋមន្ត្រី កម្មវត្ថុនៃទស្សនកិច្ចដោយស្ងាត់ៗនេះ មានតែមួយនិងដដែល គឺស្វែងរកកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងនយោបាយឱ្យអាហ្វហ្កានីស្ថាន។ ប៉ុន្តែ រាល់កិច្ចពិភាក្សានិងចរចាតាមផ្លូវទូត ជាបន្ទុករបស់ក្រសួងការបរទេស។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោកអេស្ពែរដែលនឹងត្រូវជួបពិភាក្សាជាមួយអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដើម្បីបានរបាយការណ៍ពីយោធានៅអាហ្វហ្កានីស្ថាន។
ការនាំកងទ័ពអាមេរិកត្រលប់ទៅប្រទេសវិញ ជាអាទិភាពដ៏ចំបងមួយនៃនយោបាយការបរទេសអាមេរិក ដែលលង់ក្នុងសង្គ្រាមនៅអាហ្វហ្កានីស្ថានអស់រយៈពេល១៨ឆ្នាំមកហើយ។ ការចរចាស្តីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ជាថ្នូរនឹងការធានាផ្តល់សុវត្ថិភាពប្រទេស កាត់បន្ថយអំពើហិង្សា វិះតែនឹងបានសម្រេចទៅហើយ ស្រាប់តែលោក ដូណាល់ត្រាំ បានប្រកាសបិទបញ្ឈប់ទៅវិញ ក្រោយពីមានភេរវកម្មរបស់ពួកតាលីបង់ នៅក្រុងកាប៊ូល ស្លាប់ទាហានអាមេរិកម្នាក់ និងជនស៊ីវិល១១នាក់ កាលពីថ្ងៃទី៧កញ្ញា។ ការចរចាក្រៅផ្លូវការ ទើបចាប់ផ្តើមឡើងវិញ តាំងពីថ្ងៃទី ៤ តុលាមក នៅក្រុងអ៊ីស្លាម៉ាបាដ រវាងតំណាងតាលីបង់និងអន្តរការីពិសេសរបស់អាមេរិក។
មិនជាដោយចៃដន្យឬយ៉ាងណា ក្នុងថ្ងៃតែមួយនេះ តំណាងពិសេសអឺរ៉ុបនៅអាហ្វហ្កានីស្ថាន បានអំពាវនាវឱ្យមានបទឈប់បាញ់ ព្រោះ ឱកាសហុចឱ្យហើយ! ប៉ុន្តែតើធ្វើម្តេចមានបទឈប់បាញ់ទៅកើត បើតាលីបង់ដាច់ខាតមិនទម្លាក់អាវុធនោះ ?! បើតាមមន្ត្រីទូតនេះ តាលីបង់អាចត្រលប់មកកាន់អំណាចវិញ ក្នុងទម្រង់ណាមួយ ក្នុងពេលខាងមុខដ៏ខ្លី និងអាចទទួលយកបទឈប់បាញ់ ដើម្បីសាងទំនាក់ទំនងជាធម្មតាជាមួយបស្ចឹមលោកឡើងវិញ។ អាហ្វហ្កានីស្ថានកំពុងស្ថិតក្នុងស្ថានភាពតានតឹង ក្រោយការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២៨កញ្ញា។ លទ្ធផលត្រូវប្រកាសនៅថ្ងៃសៅរ៍ ត្រូវលើកពេលទៅធ្វើថ្ងៃក្រោយ។ ការលើកពេលមួយថ្ងៃពីរ ជារឿងធម្មតា តែបើយូរទើបជាបញ្ហា។ នេះបើតាមតំណាងអឺរ៉ុបដដែល។
ដមណើរទស្សនកិច្ចកើតឡើងក្នុងពេលដែល ចលនាឧទ្ទាមតាលីបង់កំពុងឡើងឥទ្ធិពលខ្លាំងនៅក្នុងប្រទេសនេះ។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភខ្លាំង និងចោទជាសំណួរនៅពេលនេះគឺថា តើអាហ្វហ្កានីស្ថាននឹងមិនធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកឧទ្ទាមតាលីបង់នៅថ្ងៃណាមួយជាថ្មីទេឬយ៉ាងណា?។ ចូរកុំភ្លេចថានៅក្នុងប្រទេសអាហ្វហ្កានីស្ថានសព្វថ្ងៃ អ្នកដែលកំពុងសោយរាជ្យ និងកំពុងដើរតួនាទីនយោបាយមិនមែនរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃទេ តែគឺចលនាឧទ្ទាមតាលីបង់ក្រៅច្បាប់។ ពីមួយថ្ងៃទៅមួយនេះ ចលនាឧទ្ទាមមួយនេះហាក់មានកម្លាំង និងឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដោយចង់វាយប្រហារនៅកន្លែងណាក៏បាន និងនៅពេលណាក៏បានដែរ។ កុំថាឡើយតែវាយប្រហារលើកម្លាំងរដ្ឋាភិបាល សូម្បីតែទាហានកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកក៏ពួកតាលីបង់មិនញញើតដែរ។ ចលនាឧទ្ទាមតាលីបង់មិនដែលទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់របស់ប្រធានាធិបតីផុតអាណត្តិលោកហ្កានីទេ។
កម្លាំង និងឥទ្ធិពលគ្មានគូប្រៀបនៅក្នុងស្រុករបស់ពួកតាលីបង់នេះបានបង្ខំរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំឲ្យអង្គុយចរចាជាមួយពួកតាលីបង់តាំងពីជាង ១ឆ្នាំកន្លងមក។ គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺស្វែងរកសន្តិភាពឲ្យអាហ្វហ្កានីស្ថានតាមរយៈកិច្ចសន្ទនារវាងភាគីជម្លោះផ្ទៃក្នុង។ អាមេរិកសង្ឃឹមថា បើអាចនិយាយបញ្ចុះបញ្ចូលពួកតាលីបង់ឲ្យអង្គុយចរចាជាមួយរដ្ឋាភិបាលទីក្រុងកាបូល និងរកបានសន្តិភាព ទីក្រុងវ៉ាស៊ីនតោនអាចនឹងដកទ័ពទាំងអស់របស់ខ្លួនចេញពីទឹកដីអាហ្វហ្កានីស្ថាន។ តែក្នុងពេលដែលកំពុងអង្គុយចរចាជាមួយភាគីអាមេរិក ពួកតាលីបង់ក៏បានបន្តបង្កភេរវកម្មសឹងគ្មានលួសថ្ងៃនៅអាហ្វហ្កានីស្ថាន។ ទង្វើរបៀបនេះត្រូវលោកត្រាំប្រកាសបិទទ្វារចរចាជាមួយពួកឧទ្ទាមតាលីបង់ក្នុងថ្ងៃទី៧ កញ្ញា។
តើជិត ២០ឆ្នាំក្រោយការដួលរលំរបបតាលីបង់ក្នុងឆ្នាំ ២០០១ អាហ្វហ្កានីស្ថានមិនមែនកំពុងបកក្រោយត្រឡប់ទៅដើរនៅលើផ្លូវចាស់ទេឬយ៉ាងណា?។ នេះហើយជាអ្វីដែលគ្រប់គ្នាកំពុងបារម្ភខ្លាំងពេលនេះ។
តាំងពីអាមេរិកបានដឹកនាំកម្លាំងសម្ព័ន្ធមិត្តផ្តួលរំលំរបបតាលីបង់ក្នុងឆ្នាំ ២០០១ នេះជាលើកទី៤ ដែលអាហ្វហ្កានីស្ថានបានរៀបចំបោះឆ្នោតប្រធានាធិបតី។ សម្រាប់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៤ នេះ មានបេក្ខជនឈរឈ្មោះសរុបចំនួន ១៨នាក់ ក្នុងនោះក៏មានប្រធានាធិបតីផុតអាណត្តិលោកអារ៉ាហ្វ ហ្កានី និងនាយករដ្ឋមន្រ្តីលោកអាប់ឌូឡា អាប់ឌូឡា។ តែមានកំណត់សម្គាល់ចំនួនពីរចំពោះលោកហ្កានី និងលោកអាប់ឌូឡា ទី១ ជាបេក្ខជនដែលកំពុងនាំមុខគេ និងកំណត់សម្គាល់ទី២ ឥស្សរជននយោបាយទាំងពីរនាក់ធ្លាប់បានប្រកួតគ្នាម្តងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៤។ ការបោះឆ្នោតឆ្នាំ ២០១៤ មានបង្កប់ដោយការលួចបន្លំ និងការប្រឆាំងតវ៉ារវាងលោកហ្កានី និងលោកអាប់ឌូឡាដែលបានរុញប្រទេសឲ្យធ្លាក់ក្នុងវិបត្តិស្ថាប័នមួយធ្ងន់ធ្ងរ៕