ភ្នំពេញ៖ ជនសង្ស័យម្នាក់បានឆ្កិះសោទ្វារផ្ទះប្រជាពលរដ្ឋចូលទៅសម្ងំលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់មកទាន់ចាប់ប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្ទះល្វែងផ្លូវលំ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ អាន សំភាស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ សុខ ទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាងចិន ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងមិត្តភ័ក្តិបានចេញពីធ្វើការនៅហាងយីហោ ចែថៃ ខណៈមកដល់ផ្ទះក៏យកខោអាវបោកបំណងយកទៅហាលនៅកំបូលជាមួយមិត្តភ័ក្តិ ពេលនោះស្រាប់តែអើតមើលតាមចន្លោះបង្អួចក៏ឃើញជនសង្ស័យកំពុងសម្ងំខាងក្រោយផ្ទះ ជាន់ទី១ ភ្លាមនោះរូបគាត់ក៏ស្រែកថា ចោរៗទើបជនសង្ស័យរត់គេចខ្លួន ។
សាក្សីបន្តថា ភ្លាមនោះរូបគាត់ក៏ដេញតាមក្រោយរហូតទៅដល់ស្តុបមុខព្រលានថ្មីក៏ឃាត់បាន និងប្រគល់ជូននគរបាលតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យរកឃើញដែកឆ្កិះសោមួយ ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមច្បាប់៕ សុខាសែនជ័យ