ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះធម្មជាតិរន្ទះបាញ់គួរឲ្យរន្ធត់ ខណៈមេឃកំពុងភ្លៀងស្រិចៗ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចវាលស្រែស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ឡាយ សុភាព អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ។
ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះចន ធៅ អាយុ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសទាំង២នាក់ បាននាំគ្នាទៅដាក់មងយកត្រីនៅឯវាលស្រែ ខណៈដែលមេឃកំពុងមានភ្លៀងស្រិចៗ ប្រមាណជាកន្លះម៉ោងក្រោយមកស្រាប់តែលឹសូរសម្លេងរន្ទះបាញ់ ក្ឌាំងរួចក៏ស្ងាត់ទៅ ។
ប្រភពបន្តថា បន្ទាប់ពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប្រទះឃើញបុរសខាងលើដេកដួលនៅវាលស្រែ និងប្រញាប់ប្រញាល ស្រែកហៅគ្នីគ្នា លើកមកជួយសង្គ្រោះ ប៉ុន្តែអកុសលដោយបុរសឈ្មោះ ឡាយ សុភាព ធ្ងន់ធ្ងរក៏បានស្លាប់ ម្នាក់ទៀតជួយសង្គ្រោះទាន់ពេល ។
សពត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន