ភ្នំពេញ៖ រឿងរ៉ាវអតីតភរិយាលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានផ្ទុះឡើងសារជាថ្មីក្រោយពីអតីភរិយាបានបង្ហោះសារជេរប្រមាថដោយពាក្យសម្តីធ្ងន់ទៅកាន់ផលិតកររូបនេះ ។ មិនអាចទ្រាំនឹងការជេរប្រមាថ និងសកម្មភាពបង្ខូចកិត្តិយសលោកបន្តទៀតលោក លោកបានបញ្ចេញសារមួយចំនួន និងត្រៀមចំណាត់ការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយារូបនេះ ។
គេចាំបានថាជម្លោះគ្រួសារប្រះស្រាំរហូត អតីតភរិយាលោក លៀក លីដា ចេញទាំងវីដេអូ និងសារជាហូរហែរថាប្តីមានទំនាក់ទំនងស្នេហ៍ជាមួយ កញ្ញា សាឡាត់ ស្រឡាង បានស្ងប់ស្ងាត់ជិតមួយឆ្នាំមកហើយ ។ ស្រាប់តែលេចចេញជាថ្មីក្រោយពីអតីតភរិយាឈ្មោះសុទ្ធ បញ្ចកា ចោទប្រកាន់ថាសាឡាត់ ស្រីឡាង បានឌឺដឹងដោយសកម្មភាពមួយចំនួន និងព្រមានបញ្ចេញរឿងរ៉ាវផ្ទៃក្នុង និងវីដេអូប្រើប្រាស់ពាក្យជេរ និងហិង្សាពីសំណាក់លោកលៀក លីដា ។
តបការចោទប្រកាន់នេះ លោក លៀក លីដាបានចេញមុខបកស្រាយ និងផ្ញើសារទៅកាន់អ្នកជេរប្រមាថ និងចោទប្រកាន់លោកដោយមិនបានដឹងរឿងពិតនៅពីក្រោយ ។ លោកបញ្ជាក់ថា កន្លងមកលោកមិនចង់ធ្វើការបកស្រាយព្រោះតែមិនចង់បន្សល់ស្លាកស្នាមរូបភាពមិនល្អសម្រាប់កូនស្រី នៅថ្ងៃក្រោយ មិនចង់ឲ្យគេថាខ្លួនឯងជាអាវែក ប៉ុន្តែរឿងជាដដែលៗដែលរុញច្រានឲ្យលោកចេញមុខបកស្រាយ ។
លោកថា អ្នកជេរប្រមាថលោក ដឹងរឿងតែម្ខាង ហើយធ្វើការចោទប្រកាន់លោកហើយស្នើឲ្យមហាជនមានការពិចារណាសារឡើងវិញ ។ លោកថារឿងទាំងអស់កើតឡើងពីរឿងភក្តីភាព ដែលមិនដែលមានអ្នកសួរមកលោកទេថាតើគ្រាដែលបានគ្នាជាប្តីប្រពន្ធជាមួយអតីតភរិយាលោកធ្លាប់ទទួលបានភក្តីភាពភាពស្មោះត្រង់ពីអតីតភរិយាដែរឬអត់? លោកថាលោកបានចែកផ្លូវគ្នាដោយមានការដឹងលឺតាមផ្លូវច្បាប់ លោកសុខចិត្តផ្តល់ទាំងផ្ទះមួយដែលលោកបង់រំលោះបើលក់មិនក្រោមជាង២០ម៉ឺនដុល្លារអាមេរិក និងរថយន្តទំនើបថ្លៃជាង៣ម៉ឺនដុល្លារអាមេរិកឲ្យទៅភរិយាទាំងលោកមិនមានទ្រព្យធនជាដុំកំភួន មានបំណុល ជាថ្នូរនឹងការបញ្ចប់រឿង និងសុំកូនស្រីច្បងមកចិញ្ចឹម ។
លោកបន្តថាទោះបីបែកគ្នាប៉ុន្តែលោកមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់កូនបានយ៉ាងល្អមានអ្នកមើលថែ មានសាលារៀនល្អ ទាំងកន្លងមកអតីភរិយាលោកធ្លាប់ទាំងយកកូនស្រីពៅមកផ្ញើលោកហើយយកពេលទៅដើរលេងជាមួយគូស្នេហ៍ថ្មី និងជាអតីតកូនចៅលោក គឺតារាសម្តែង លោក អែតវីន ។ លោកថាអ្នកខ្លះចោទលោកថាមិនស្រលាញ់កូន ប៉ុន្តែមិនមានអ្នកតាមដានថាលោកស្រលាញ់កូនខ្លាំងប៉ុណ្ណា ចុះអតីតភរិយាដែលតែងដើរលេងចូលក្លឹប សប្បាយនឹងគូស្នេហ៍ថ្មីទុកកូនស្រីនោះនៅទីណា ។
ជុំវិញការលើកឡើងពីវីដេអូចោទប្រកាន់ថាលោកនិយាយរឿងកូនឥតខាន់ស្លា ថាតើការបញ្ចេញវីដេអូនោះមានបង្ហាញការនិយាយរបស់លោកពីខាងដើមទេ អ្វីដែលលោកចង់បានគឺការសម្របសម្រួល ហើយចោទថាលោកមិនទទួលស្គាល់កូនស្រី ថាតើសកម្មភាពការចិញ្ចឹមបីបាច់ ការលះបង់ ទ្រព្យធន ក្តីសុខផ្ទាល់ខ្លួនរបសលោកកន្លងមកនិងបច្ចុប្បន្នបានបញ្ជាក់ទេថាលោកមិនបានទទួលស្គាល់កូន ហើយលោកចង់ឲ្យធ្វើការប្រៀបធៀបពីការចិញ្ចឹមបីបាច់កូនស្រីនៅជាមួយអតីតភរិយា និងលោកបច្ចុប្បន្ន ថាតើអ្នកណាជាអ្នកមានទំនួលខុសត្រូវខ្ពស់ជាង ។
លោកថា អតីតភរិយាលោកបានបញ្ជុះលោកឲ្យចុះអេតាស៊ីវិលជាមួយ សាឡាត់ ស្រីឡាងទៅ ប៉ុន្តែលោកមិនព្រមព្រោះតែមិនចង់ឲ្យកូនមានឈ្មោះថាជាកូនឥតខាន់ស្លា ហើយបែជាយកពាក្យនេះមកចោទលោកទៅវិញ ។ ជាមួយគ្នានេះលោកចង់ឲ្យអ្នកកាន់ជើងអតីតភរិយាលោកដឹងដែរថា សង្សារថ្មីជាតារាសម្តែង លោក អែដវីន ដែលអតីតភរិយាលោកមានទំនាក់ទំនងជាមួយបច្ចុប្បន្ននេះក៏ជាប្រពន្ធចុងគេដែរពោលគឺលោកអែនវីនមានភរិយានិងកូនរួចទៅហើយដែរ ។
ជុំវិញការព្រមានបញ្ចេញវីដេអូជេរប្រមាថ និងប្រើប្រាស់ហិង្សាលើភរិយានោះ លោកថាមិនមានទេ ដោយលោកថាប្រសិនបើមានហិង្សាមែនភរិយាលោកនឹងមិននៅស្ងៀមទេគឺពិតជាមានរឿងអ្វីកើតឡើង ។ លោកក៏ផ្ញើសារទៅកាន់អ្នកដែលជេរប្រមាថ បញ្ចេញយោបល់ដោយត្រឹមឃើញរូបថតមួយសន្លឹកមិនបានឆ្លងកាត់ការត្រិះរិះពិចារណា ស្វែងរកហេតុផងច្បាស់លាស់គឺជារឿងមិនល្អ និងមិនត្រឹមត្រូវ ។
លោកថាមានភស្តុតាងជាច្រើនដែលអាចឲ្យលោករកយុត្តិធម៌បានពីបញ្ហានេះ ។ លោកថាការបញ្ជាក់នេះគឺជាលើកដំបូង និងជាលើកចុងក្រោយ ហើយរឿងបន្តយ៉ាងណាគឺលោកមានមេធាវីដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ លោកស្នើថាជាមនុស្សចាស់ល្អកុំឲ្យយកក្មេងមកធ្វើជាចំណាប់ខ្មាំង ឬបង្គាប់ក្មេងឲ្យស្អប់អ្នកណាម្នាក់ ។
ផលិតកររូបនេះលើកឡើងដែរថា លោកមិនមានសិទ្ធិក្នុងការហាមមិនឲ្យអតីតភរិយាបង្កបញ្ហាមកលើរូបលោកទេ ប៉ុន្តែច្បាប់អាចចាត់ការចំពោះរឿងនេះបាន ព្រោះលោកមានភស្តុតាងគ្រប់គ្រាន់ក្នុងដៃមេធាវី ។ លោកក៏ស្នើឲ្យមហាជនធ្វើការពិចារណាឲ្យបានច្បាស់លាស់មុនពេលការបញ្ចេញយោបល់ ចែករំលែកជាសាធារណៈ ព្រោះតែការបញ្ចេញយោបល់ និងចែករំលែកដោយប្រើប្រាស់ភាសាមិនសមរម្ភនឹងជះឥទ្ធិពលមិនល្អសម្រាប់ជីវិតកូនស្រីគាត់ ។ លោកក៏មិនសង្ឃឹមដែរថាការបកស្រាយនេះនឹងអាចបញ្ចប់រាល់ការគិតមិនល្អ និងសកម្មភាពរបស់អតីតភរិយាលោកបាននោះទេ ៕ វឌ្ឍនា