ព័ត៌មានទាន់ហេតុការណ៍៖

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក ពេជ្រ ស្រស់ ៖ កម្ពុជាសល់ថវិកាជាតិ ៣ពាន់លានដុល្លារ តម្កល់ក្នុងរតនាគារជាតិ, ចំណូលពីប្រេងកាតរំពឹងទទួលបាន១ពាន់លានដុល្លារ នៅ១០ឆ្នាំដំបូង

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំរវាងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពី ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ បានបង្ហាញតួលេខថា៖ កម្ពុជាសល់ថវិកាជាតិ ៣ពាន់លានដុល្លារ តម្កល់ក្នុងរតនាគារជាតិ, ចំណូលពីប្រេងកាតរំពឹងទទួលបាន១ពាន់លានដុល្លារ នៅ១០ឆ្នាំដំបូង។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព «នគរវត្ត» នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា៖ ក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពី ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ជូនអង្គប្រជុំថា នៅបច្ចុប្បន្ននេះថវិកាជាតិ មានក្នុងរតនាគាជាតិ ដែលសល់ពីការចំណាយប្រចាំឆ្នាំកន្លងទៅ គឺមានចំនួន៣ពាន់លានដុល្លារអាមេរិក។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ទៀតថា ៖ ក្រៅពីបញ្ជាក់ពីចំនួនថវិកានេះហើយ ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរត្ន័ បានបញ្ជាក់អំពីក្ដីរំពឹងនៃចំណូល ដែលកម្ពុជាទទួលបានពី វិស័យប្រេងកាត នៅក្នុងប្លុក A ដែនសមុទ្រកម្ពុជាថា នៅរយៈពេល១០ឆ្នាំដំបូង នៃដំណើរការបូមប្រេងកម្ពុជារំពឹងថា នឹងទទួលបានចំណូល១ពាន់លានដុល្លារ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរត្ន័ ក៏បានទម្លាយពីចំណូលពន្ធដារ ដែលកម្ពុជាទទួលបាន ពីវិស័យកាស៊ីណូ នៅឆ្នាំ២០១៩នេះថា ប្រមូលបានពន្ធជាង៥០លានដុល្លារអាមេរិក ដែលចំណូលនេះនឹងថមថយវិញនៅឆ្នាំ២០២០ ដោយសារតែការបិទល្បែងតាមអនឡាញ។

សូមជម្រាបថា ជារឿយៗសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបានប្រកាសពីភាពរឹងមាំ នៃថវិកាជាតិដែលកម្ពុជាមាន ខណៈដែលចំណូលគយ និងពន្ធដារ បានកើនឡើងគួរជាទីមោទនៈ។ កាលពីដើមខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រាក់បម្រុងសល់រហូតដល់១៥ពាន់លានដុល្លារ និងមាស៣០តោនផងដែរ។

ពាក់ព័ន្ធនឹងចំណូលដែលទទួលបានពី វិស័យប្រេងកាតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណូលនេះនឹងត្រូវយកទៅប្រើសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ ស្ពាន់ជាដើម៕

 

ដោយ៖ សហការី


ចែករំលែក៖