ដោយសារតែបាតុកម្មអូសបន្លាយពេលរាប់ខែនោះ បានធ្វើឲ្យទីក្រុងហុងកុងធ្លាក់នៅក្នុងផ្លូវនៃវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មាននៅក្នុងទសវត្សរ៍ ។ ដើម្បីជំរុញដល់បញ្ហានេះឲ្យល្អប្រសើរឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបញ្ចេញសាច់ប្រាក់ជំនួយចំនួន២ពាន់លានដុល្លារហុងកុងសម្រាប់ជំរុញសេដ្ឋកិច្ចហុងកុងកុំឲ្យដាំក្បាលចុះខ្លាំងពេក ។
សារព័ត៌មាន CNA បានផ្សាយថា លោក ផូល ចាន (Paul Chan) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចទីក្រុងហុងកុង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានប្រកាសនូវវិធានការផ្តល់ជំនួយថ្មីចំនួន២ពាន់លានដុល្លារហុងកុង (ប្រហែល២៥៥លានដុល្លារអាមេរិក) ដើម្បីជំរុញគាំទ្រសេដ្ឋកិច្ចនៅទីក្រុងនេះកុំឲ្យដាំក្បាលធ្លាក់ចុះខ្លាំង ពេក ខណៈដែលកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងអំឡុងពេលទសវត្សរ៍នោះ ដោយសារតែបាតុកម្មដ៏រ៉ាំរ៉ៃ ។
សូមបញ្ជាក់ថា វិធានការថ្មីនេះកើតឡើង បន្ទាប់ពីកញ្ចប់ថវិកាមានរួចហើយ កាលពីក្នុងខែសីហា ចំនួន១៩,១ពាន់លានដុល្លារហុងកុង ឬប្រហែល២,៤ពាន់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលហុងកុងបានបញ្ចេញដើម្បីជួយជំរុញ គាំទ្រដល់សហគ្រាសទាំងឡាយដែលមានភាពទន់ខ្សោយ និងធុរកិច្ច ខណៈរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមជាមួយក្រុមបាតុករបាតុកម្មរយៈពេល៥ខែកន្លងមកហើយនោះ បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យលក់រាយ ហើយនិងវិស័យទេសចរណ៍ ។
បាតុកម្មនៅហុងកុងបានធ្វើឲ្យភ្ញៀវទេសចរណ៍ខ្លាចរអាមិនហ៊ានធ្វើដំណើរទៅកាន់ទីនោះឡើយ ។ ជាមួយគ្នានេះដែរទំនិញលក់រាយនៅតាមស្តង់លក់រាយនានា នៅក្នុងទីក្រុងដែលធ្លា់ប់ល្បីល្បាញក្នុងការលក់នេះ បានជួបប្រទះនូវភាពរអាក់រអួល និងប្រឈមនូវវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានក្នុងទសវត្សរ៍នេះ ៕