ភ្នំពេញ៖ ក្រោយពីបាត់មុខក្នុងការងារសិល្បៈក្នុងស្រុកអស់ជិតមួយឆ្នាំ តារាលំដាប់ជួរមុខមាស សុខសោភា បានលេចមុខជាថ្មីក្នុងកម្មវិធីតូចធំនានាជាថ្មី។ ចាប់ពីចុងខែតុលានេះក៏ជារដូវកើបលុយមកដល់ផងដែរដែលនាងឆ្លៀតឱកាសពីការចេញទៅសុំសិទ្ធិរស់នៅនាប្រទេសកាណាដា។
បង្ហាញមុខលើឆាកតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញវត្តមានជាថ្មី មាស សុខសោភា នៅតែរក្សាបានប្រជាប្រិយភាព ទឹកដមសំឡេង និងរូបសម្រស់ស្រស់សោភាដដែល។ នាងរិទតែទទួលបានការគាំទ្រច្រើនដដែលមិនចាញ់តារាជួរមុខនៅកម្ពុជាផ្សេងទៀតទេ បើទោះបីជានាងបាត់មុខជាច្រើនខែក៏បទចម្រៀងដែលនាងថតទុកចេញជាបន្តបន្ទាប់ដែលមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ បងប្រុសរបស់នាងបានលើកឡើងដោយខ្លីបែបដាក់ខ្លួនថាមិនឲ្យមកវិញរកលុយយ៉ាងម៉េចបានព្រោះប្អូនស្រីលោកក៏មិនមែនជាអ្នកធូរធាអ្វីនោះដែរគឺត្រូវមករកលុយវិញដូចច្នេះហើយ។
រយៈពេលនៃការបាត់មុខជាច្រើនខែនេះក៏មានកម្មវិធីជាច្រើនបានទំនាក់ទំនងទៅកាន់នាងដើម្បីចូលរួមព្រឹត្តិការណ៍នានា ប៉ុន្តែត្រូវបានខកខានព្រោះតែនាងមិនមានវត្តមាននៅកម្ពុជា។ ការខកខាននេះបានធ្វើឲ្យនាងខាតបង់ប្រាក់មិនតិចនោះទេ ទោះជាយ៉ាងណាតារាស្រីរូបនេះមានបំណងធំមួយក្នុងការចេញទៅរស់នៅនិងចេញចូលដោយស្រួលពេញសិទ្ធិនៅទីនោះ ខណៈគូស្នេហ៍នាងក៏មានសញ្ញាតិកាណាដាផងដែរ។ ក្នុងនោះក៏មានការបង្ហើបថា មួយរយៈដែលទៅសម្តែងនៅប្រទេសកាណាដា មាស សុខសោភា ទទួលបានជោគជ័យខ្លាំង ។ រាល់ការបង្ហាញមុខម្តងៗគឺមានអ្នកទស្សនាជាច្រើនលើសពីការរំពឹងទុក ហើយទៅលើកនេះ មាស សុខសោភា កើបលុយមិនស្ទើរទេ ។ ឆាប់ៗខាងមុខនេះ មាស សុខសោភា ត្រៀមចេញនូវបទចម្រៀងថ្មីៗ ក៏ដូចជាការត្រៀមខ្លួនឡើងឆាកសម្រាប់ឱកាសបុណ្យអុំទូកផងដែរ ៕ វឌ្ឍនា