ភ្នំពេញ៖ បុរសវ័យម្នាក់ទំនងជាស្រវឹងបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវបុកតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់មួយកន្លែងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៨២ ខាងលិចស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5162 តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ឡើងលើខឿនចិញ្ចើមផ្លូវ ទៅបុកចូលតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់ បណ្ដាលឲ្យបាក់បែកចានឆ្នាំងកៅអីខ្ទាតរាយប៉ាយ រងការខូចខាតអស់មួយចំនួនចំណែកឯរថយន្ត ខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗនោះ និងមានដំណាងភាគីខាងរថយន្តបង្ក បានចូលខ្លួន មកដោះស្រាយគ្នា ជាមួយម្ចាស់តូបរងគ្រោះ ហើយដោយភាគីទាំងពីរ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត បានចេញសំណងចំនួន២០០ដុល្លារ ឲ្យទៅភាគីខាងម្ចាស់តូប ដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ