ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ កំពុងតែត្រួតពិនិត្យផ្អាកការហោះហើរ ទៅកាន់៤ប្រទេស ក្នុងតំបន់អាស៊ាន ក្នុងនោះ មានឡាវ កុម្ពុជា មីយ៉ានម៉ា និងវៀតណាម។
ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways International បានចេញសេចក្តីប្រកាសច្រានចោលព័ត៌មាន ផ្អាកហោះហើរទៅកាន់៤ ប្រទេសក្នុងតំបន់អាស៊ាន។ នៅក្នុងសេចក្តីបរកាស កាលពីយប់ថ្ងៃទី២២ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយថៃបានដកស្រង់សំដី អគ្គនាយក ក្រុមហ៊ុនអាកាសចរណ៍ថៃ លោក Sumeth Damrongchaitham បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន មិនបានលុបជើងហោះហើរ ទៅកាន់ប្រទេសទាំង៤នោះឡើយ។
ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) លោក Sumeth Damrongchaitham បានប្រាប់ឲ្យដឹង នៅថ្ងៃអង្គារនេះថា បុគ្គលិកត្រូវតែសហការ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឲ្យក្រុមហ៊ុនល្អដូចដើមវិញ ព្រោះវាគឺជាវិបត្តិមួយ បើមិនដូច្នោះទេ ក្រុមហ៊ុនប្រឈមមុខនឹងការបិទទ្វារ។
លោកបានផ្ញើសារនេះ ទៅកាន់អ្នកប្រតិបត្តិក្រុមហ៊ុន THAI នៅអំឡុងពេល វគ្គបណ្តុះបណ្តាលមួយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
លោកបានលើកឡើងថា THAI បានបាត់បង់ភាពទីផ្សាររបស់ខ្លួន លើផ្លូវហោះហើរជាច្រើនជាមួយក្រុមហ៊ុនប្រកួតប្រជែង។ លោកបន្តថា ក្រុមហ៊ុននឹងកាត់បន្ថយការចំណាយ ដោយកាត់បន្ថយប្រាក់ខែ របស់បុគ្គលិកផ្នែកគ្រប់គ្រង ខណៈក្រុមហ៊ុនកំពុងស្ថិតក្នុងវិបត្តិ។
គួរជម្រាបថា ៦ខែដំបូងឆ្នាំនេះ, ក្រុមហ៊ុន THAI បានខាតប្រាក់ ចំនួន៦.៤៤ពាន់លានបាត (ជាង២១២លានដុល្លារអាមេរិក)។ ចំនួននេះ បានធ្វើឲ្យទំហំនៃការខាតរបស់ក្រុមហ៊ុន កើនឡើងដល់២៨០ពាន់លានបាត។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក ជាង២០,០០០នាក់។
លោក Sumeth បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ កំពុងតែវិភាគទៅលើទីផ្សានិងផ្លូវហោះហើរមួយចំនួន ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ មិនទាន់មានការផ្លាសប្តូរជើងហោះហើរណាមួយ ឬក៏ផ្អាកនោះឡើយ។
សារព័ត៌មាន The Nation បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ថៃ មានគម្រោងផ្អាកជើងហោះហើរមួយចំនួន ដោយសារតែមានជើងហោះហើរជាច្រើនមានតម្លៃទាប ហើយអ្នកដំណើរនៅក្រុមហ៊ុន អាកាសចរណ៍ថៃធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់ប្រាក់ជាច្រើន៕