ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ ចេញពីសាលាឧទ្ធរណ៍ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីម្នាក់ ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ដែលជាជនឆបោកប្រាក់គេរាប់សែនដុល្លារ ត្រូវបានអគ្គព្រះរាជអាជ្ញា មហាអយ្យការ អមសាលាឧទ្ធរណ៍បើកសាវនាការជំនុំជម្រះលើសំណុំសាកសួរ ខណ:ស្រ្តីជើងខ្លាំងខាងលើ បានពឹងពាក់អ្នករត់ការមួយចំនួននៅក្នុងតុលាការខេត្តប៉ៃលិន ឱ្យបន្តរត់ការ ដើម្បីសុំដោះលែងនៅក្រៅឃុំ។
បើទោះបីជា ស្រ្តីខាងលើសុខចិត្តជាប់ពន្ធនាគារ ដោយមិនសងលុយគេសូម្បីតែបន្តិចនោះឡើយ ព្រោះមានដើមបណ្តឹងយ៉ាងតិច៥នាក់ កំពុងដាក់ពាក្យ បណ្តឹងឱ្យស្រ្តីរូបនេះ សងលុយទៅពួកគេវិញ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ នេះ ស្រ្តីមន្រ្តីសុរិយោដីខេត្តប៉ៃលិន ឈ្មោះ រឿន ចរិយា បានប្រើអំពើហិង្សាវាយអ្នកទោសក្នុងពន្ធនាគារខេត្តប៉ៃលិន (រវាងអ្នកទោសស្រី និងអ្នកទោសស្រី) បណ្តាលឱ្យរងរបួសទាំងអស់គ្នាចំនួន៣នាក់ និងផ្អើលពេញពន្ធនាគារ។
ក្រោយមក ត្រូវបានគេរៀបចំសំនុំរឿងបញ្ជូនឱ្យទៅដេកនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែដោយមានការសម្របសម្រួលពីក្រុមគ្រួសារ ទើបត្រូវបានគេប្តូរឱ្យទៅដេកនៅក្នុងពន្ធនាគារខេត្តបាត់ដំបងវិញ។
គួររំលឹកដែរថាស្រ្តីម្នាក់ ឈ្មោះ រឿន ចរិយា ជាមន្រ្តីសុរិយោដីផ្អែកសំណង់ បានឆបោកប្រាក់គេអស់រាប់សែនដុល្លារ ត្រូវម្ចាស់គេយ៉ាងតិច៥នាក់ បានប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួន យកទៅដាក់នៅពន្ធនាគារខេត្តប៉ៃលិន ស្រាប់តែស្រ្តីរូបនេះ ក្អេងក្អាងពេញក្នុងពន្ធនាគារ មិនខ្លាចញញើតនរណាម្នាក់ឡើយ ហើយក៏និយាយឌឺដងដាក់អ្នកទោសនៅក្នុងបន្ទប់ជាមួយគ្នា លុះប្រកែកគ្នាចុះឡើងៗ បង្កទៅជាហិង្សា ប្រវាយប្រតប់គ្នា បណ្តាលឱ្យស្រ្តីម្នាក់សន្លប់នៅនឹងកន្លែង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗតែម្តង។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រភពព័ត៌មានបានបង្ហើបឱ្យភ្នាក់ងារយើងដឹងថា ស្រ្តីខាងលើមិនត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំនោះទេ ព្រោះខាងភាគីម្ចាស់ប្រាក់មិនសុខចិត្តនោះ ឡើយ ទាល់តែស្រ្តីខាងលើរកប្រាក់សងបំណុលគេគ្រប់ចំនួនទើបអាចឱ្យដោះលែងនៅក្រៅឃុំបាន បើពុំ ដូច្នោះទេ ទោះបីជាចេញមកក្រៅហើយក៏ដោយ ម្ចាស់លុយនឹងបន្តរករឿងរហូតដល់ទីបញ្ចប់៕ស សារ៉េត