ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ដាក់កំហិតឲ្យមន្ត្រី រដ្ឋបាលរាជធានី កាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសខណៈរាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំAIMF

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់កំហិតដល់មន្ត្រីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសក្នុងដំណាក់កាលដែលរាជធានីភ្នំពេញ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ ផ្ទះពិធីបុណ្យធំៗនាពេលដ៏ខ្លីខាងមុខនេះដើម្បីរួមគ្នាបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលល្អក្នុងនោះមានបុណ្យឯករាជ្យជាតិ៩វិច្ឆិកា,ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងខែវិច្ឆិកាខាងមុខនេះ ពិសេស ភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAIMF។

រាជធានីភ្នំពេញក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)លើកទី ៣៩ដែលនឹងមានបណ្តាទីក្រុងជាសមាជិករបស់AIMF ប្រមាណ៣០០ទីក្រុងមកពីគ្រប់ទ្វីបមកចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។

ការដាក់កំហិតដល់មន្ត្រីក្រោមឧិវាទបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពរបស់គណៈកម្មការនិងអនុគណៈកម្មការរៀបចំមហាសន្និបាតកាលពីរសៀលថ្ងៃទី២២តុលា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានថ្លែងថា មហាសន្និបាត របស់AIMFប្រព្រឹត្តទៅត្រូវនឹងខួបកំណើតលើកទី៤០ថ្ងៃបង្កើតសមាគមAIMF និងខួប៤០ឆ្នាំរបស់កម្ពុជាក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៏ក្រោមប្រធានបទទីក្រុងដែលមានភាពធន់ការគិតគូពី បញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ។

លោកបានបន្តថានេះជាកិត្តិយសធំធេងណាស់សំរាប់រាជធានីភ្នំពេញក៏ដូចកិត្តិយសជាតិទាំងមូលដែលទទួលបានប្រតិភូជាង៣០០ទីក្រុងក្នុងពិភពលោកដែលធ្វើឲ្យកម្ពុជាពិសេសរាជធានីភ្នំពេញល្បីរន្ទឺលើឆាកអន្តរជាតិ។

លោកអភិបាលបន្តទៀតថា ៖ការងារទាំងអស់យើងគិតគូរៀបចំយ៉ាងម៉ត់ចត់ទាំងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ,ការស្នាក់នៅរបស់ប្រតិភូ,ការរៀបចំតាំងពិពណ៏បង្ហាញពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ,ការរៀបចំកែលំអរសួនច្បារការតុបតែងលំអរតាមទីសាធារណៈជាដើម។ចំណុចសំខាន់បំផុតនោះគឺការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈត្រូវតែឲ្យបានល្អប្រសើរ។ដូច្នេះហើយទើបការធ្វើដំណើរទៅក្រៅប្រទេសរបស់មន្ត្រីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណាក់កាលនេះត្រូវបានកំហិតជាចាំបាច់៕ សំរិត


ចែករំលែក៖