ភ្នំពេញ៖ មនុស្សមួយក្រុមមានគ្នាប្រុសស្រីប្រហែល៥នាក់ ទំនងជាស្រវឹងស្រាបានចូលទៅផឹកស៊ីនៅហាងមួយកន្លែងនៅជិតស្កុបផ្សារសំណង់១២ ដោយខឹងនឹងបុរស២នាក់ទៀតអង្គុយតុជិតដោយមានសភាពស្រវឹងដូចគ្នាមាត់លឺៗ ហៅអញហ្ហែង ធ្វើឲ្យក្រុមជនដៃដល់ខឹងបានដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ ប៉ុន្តែបាញ់មិនចេញ ក៏យកស្វាយកាំភ្លើង វាយមកលើបុរសម្នាក់ ដែលជាភាគីម្ខាងទៀតមានគ្នាពីរនាក់ បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្កុបផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺបុរសរងគ្រោះមានគ្នា២ នាក់ បានមកអង្គុយផឹកស៊ីនៅទីតាំងខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានភាគីបង្កមានប្រុសស្រីមួយក្រុម បានបើករថយន្តម៉ាកឡិចស៊ីស១គ្រឿង គ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ1-GU5070 មកអង្គុយតុក្បែរគ្នាក្នុងសភាពស្រវឹង បានស្រែកហៅកម្មង់ម្ហូប រួចងាកមើលមុខបុរសពីរនាក់ កំពុងជជែកគ្នាឮៗ និយាយអញហ្ហែងទៅវិញទៅមក ។ ភ្លាមនោះភាគីបង្កនឹកស្មានថាភាគីជនរងគ្រោះថាឲ្យខ្លួន ក៏និយាយទៅវិញថា « ហ្ហែងនិយាយពាក្យអញហ្ហែង ចាំបាច់មើលមុខអញធ្វើអី ប្រយ័ត្នអញបាញ់ងាប់»។ រួចក៏កើតជាជម្លោះនិងគ្នា ភាគីខាងរថយន្តឡិចស៊ីស និងម៉ូតូស្កុបពី បានដកកាំភ្លើងពីចង្កេះបញ្ចូលគ្រាប់ តែបាញ់មិនចេញ ក៏យកស្វាយកាំភ្លើង វាយមកលើយុវជនម្នាក់ ដែលជាភាគីម្ខាងទៀតមានគ្នាពីរនាក់ បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួនតែម្តង ។
បន្ទាប់មកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្រុមអ្នកសារព័ត៌មាន បានចុះទៅថតផ្តិតយករូបភាព ស្រាប់តែក្រុមជនបង្ក បានហាមឃាត់មិនឲ្យថត និងព្យាយាមទាញទូរស័ព្ទដៃ ពីអ្នកសារព័ត៌មានប្រុងយកមកបោក មិនតែប៉ុណ្ណោះថែមទាំងជិះម៉ូតូ និងបើករថយន្តដេញបុកអ្នកសារព័ត៌មានទៀតផង ។ ប៉ុន្តែភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ចុះមកជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ទើបធ្វើឲ្យក្រុមជនបង្កភ័យក៏នាំគ្នាជិះម៉ូតូ និងបើករថយន្តរត់គេចខ្លួន បាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះបានគេចចេញពីកន្លែងកើតហេតុទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសខ្លួនឯងដោយមិនបានដាក់ពាក់បណ្ដឹងនោះទេ ៕ស រស្មី