ភ្នំពេញ៖ ជនសង្ស័យចំនួន២ក្រុមបានធ្វេីសកម្មភាពលួចគាស់សោរផ្ទះនិងកាច់សោរកម៉ូតូយកទៅបាត់ដោយសុវត្តិភាពពីកន្លែងផ្សេងគ្នានូវថ្ងៃតែមួយក្នុងភូមិសាស្ត្រខណ្ឌកំបូលថែមទាំងបំពុលសត្វឆ្កែងាប់អស់២ក្បាលនិងឆ្មារមួយក្បាលថែមទៀត។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីទី១បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ដោយជនសង្ស័យបានដាក់ថ្នាំបំពុលឆ្កែរួចកាត់សោរបន្ទប់យកម៉ូតូអស់ចំនួន២គ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។
ម៉ូតូដែលជនសង្ស័យលួចទៅបាត់នោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FM-0768មានម្ចាស់ឈ្មោះភី រិន ភេទប្រុសអាយុ៣០ឆ្នាំមុខរបរកម្មករសំណង់។បុរសនេះគឺជាម្ចាស់ផ្ទះកើតហេតុខាងលើ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ដូចគ្នាស៊េរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF-8562 មានម្ចាស់ឈ្មោះសល់ សឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ត្រូវជាជាបងថ្លៃរបស់ម្ចាស់ផ្ទះនិងមានទីលំនៅផ្ទះក្បែរគ្នា។
ម្ចាស់ផ្ទះបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២៤ ខែតុលា ក្រោយពេលហូបបាយល្ងាយរួចគាត់និងបងថ្លៃបានអូសយក ម៉ូតូទៅទុកនៅក្នុងបន្ទប់ក្រោមផ្ទះដោយបានយកសោរទៅចាក់ទ្វារបន្ទប់ពីខាងក្រៅ បន្ទាប់មកបានឡើងទៅដេកនៅលើផ្ទះ ហើយនៅក្នុងបន្ទប់នោះគ្មានអ្នកដេកឡើយ។បន្ទប់ម ក៏បានលង់លក់រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែតុលា ទើបភ្ញាក់ពីដំណេកហើយចុះពីលើផ្ទះមើលឃើញទ្វាររបើក មានស្នាមគាស់សោរ ហើយឆ្កែ២ក្បាលនិងឆ្មារ១ក្បាលបានងាប់រីឯម៉ូតូក៏បាត់អស់២គ្រឿងបាត់អស់និង នៅសល់តែ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅប៉ុណ្ណោះដែលទុកនៅក្នុងបន្ទប់នោះដែរ។មិនតែប៉ុណ្ណោះក្រុមចោរបានបន្សល់ទុកសាច់ជ្រូករួមជាមួយសាច់ក្រកនិងជើងមាន់លាយថ្នាំពុលរួចជាស្រេច១ថង់នៅក្បែរពាងទឹកទៀតផង ទើបគាត់ក៏បានប្ដឹងឲ្យនគរបាលប៉ុស្តិ៍ឪឡោកឲ្យជួយអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យជាក់ស្ដែងនិងធ្វើការស្រាវជ្រាវរកក្រុមចោរ។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងវត្តអង្គនិស្ស័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នពេញ ដោយក្រុមចោរបានលួចកាច់សោរកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព។ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ1DO-4369 ជារបស់លោកតាម្នាក់ឈ្មោះភន ជាអាចារ្យវត្តអង្គនិស្ស័យ គាត់មានទីលំនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកតាអាចារ្យបានជិះម៉ូតូទុកម៉ូតូនៅក្រោមសាលាឆាន់ក្នុងវត្តខាងលើដោយចាក់សោរកត្រឹមត្រូវ ។បន្ទាប់មកបានឡើងទៅខាងលើសាលាឆាន់ដើម្បីពិភាក្សាគ្នា ជាមួយព្រះសង្ឃនិងគំណៈកម្មការអាចារ្យវត្តរឿងរៀបចំធ្វើបុណ្យកឋិនទាននាពេលខាងមុខ។លុះពេលចប់ការងារចុះមកវិញស្រាប់តែបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលនិងប្ដឹងឲ្យនគរបាលជួយពួនស្ទាក់ ប៉ុន្តែពុំដឹងថាចោរជិះទៅដល់ណាឡើយ៕សុខាសែនជ័យ