ព័ត៌មានទាន់ហេតុការណ៍៖

យោងចំណារដ៏ខ្ពង់ខ្ពង់សម្តេចតេជោ ហ៊ុន សែន ! រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ អនុវត្តសាលក្រមស្ថាពរជូនលោក ថោង ស្រូយ អាយុ៧៧ឆ្នាំ ដែលកំពុងអូសបន្លាយពេលដ៏យូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលិខិតលេខ១០០៤ ខន/០១៩ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើលិខិតមួយច្បាប់ជម្រាបជូនលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយសូមអោយលើកយកសាលក្រមស្ថាពររដ្ឋប្បវេណី មកអនុវត្តអោយបានត្រឹមត្រូវតាមខ្លឹមសារនៃសាលក្រម អោយបានចប់សព្វគ្រប់ ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវរាយការណ៍មកក្រសួងយុត្តិធម៌អំពីលទ្ធផលនៃការអនុវត្តនេះវិញ ។

នេះបើយោងតាមលិខិតមួយច្បាប់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែល ទើបទទួលបាននៅថ្ងៃទី២៥ ខែតុលា នេះ ។ (លម្អិតអានលិខិតបន្ថែម)

យោងតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវឯកសារជាច្រើន បង្ហាញថា លោក ថោង ស្រូយ អាយុ៧៧ឆ្នាំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ក៏បានធ្វើលិខិតមួយច្បាប់ផងដែរ គោរពជូនប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ក្នុងកម្មវត្ថុ ស្នើសុំជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាល បញ្ហាដីធ្លី ដែលត្រូវបានរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់លោកឧកញ៉ា សូ សារិទ្ធិ ឃុបឃិតជាមួយតុលាការរដ្ឋប្បវេណី និង អាជ្ញាធរមូលដ្ឋាន លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និង លោក ធុយ សុខន អតីតអភិបាលខណ្ឌឫស្សីកែវ ព្រមទាំង ភូមិបាលខណ្ឌ យកដីរបស់លោក ថោង ស្រូយ លក់អោយទៅឈ្មោះ សូ សុខថេង ដែលសំណុំរឿង កំពុងស្ថិតក្នុងអង្គសេចក្តីនៅឡើយ ។

លោក ថោង ស្រូយ រៀបរាប់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៩ ដោយមានការខ្វះខាតថវិកាសម្រាប់ប្រកបអាជីវកម្ម លោក ថោង ស្រូយ បានដាក់បញ្ចាំស្រះទំហំ ៥០ម៉ែត្រគុណនឹង១០០ម៉ែត្រ ស្ថិតនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អោយទៅឈ្មោះ លាង មួយងីម ចំនួន៥.០០០ដុល្លារការប្រាក់៥% ក្នុងមួយខែដោយធ្វើលិខិតចំនួន៣ច្បាប់ នៅសង្កាត់ច្រាំងចំរេះទី២ ដើម្បីទុកចិត្តក្នុងការធានាបំណុលហើយ លោក ថោង ស្រូយ បានបង់ការប្រាក់ជារៀងរាល់ខែចំនួន២០០ដុល្លារអោយទៅឈ្មោះ លាង មួយងីម ដោយមានលិខិតប្រគល់និងទទួលត្រឹមត្រូវផងដែរ។

លុះនៅពេលលោក ថោង ស្រូយ មានជំងឺទៅព្យាបាលនៅប្រទេសវៀតណាមហើយត្រឡប់មកវិញ ស្រាប់តែឃើញ ឈ្មោះ ប៉ោ សុផល និង ប្រពន្ធឈ្មោះ គួច ហ៊ី បានកំពុងធ្វើសកម្មភាពកាន់កាប់ គ្រប់គ្រង ធ្វើអាជីវកម្ម លើដីស្រះ របស់ លោក ថោង ស្រូយ ។ ពេលនោះ លោក ថោង ស្រូយ បានហាមឃាត់ អោយឈប់ ប៉ុន្តែឈ្មោះ ប៉ោ សុផល និង ប្រពន្ធ គួច ហ៊ី ឆ្លើយថា ដីស្រះទំហំ ៥០ម៉ែត្រគុណនឹង១០០ម៉ែត្រ ខ្លួនបានទិញពីឈ្មោះ លាង មួយងីម មានលោកមេភូមិ និង ចៅសង្កាត់រងជាអ្នក ធ្វើលិខិត ឲ្យ។

ឈ្មោះ ប៉ោ សុផល និង ប្រពន្ធឈ្មោះ គួច ហ៊ី មិនព្រមស្តាប់ការហាមឃាត់ របស់លោក ថោង ស្រូយ ក៏បានដាក់ពាក្យបណ្តឹងជំទាស់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំង ចំរេះទី២ ជួយអន្តរាគមន៍ ហាមឃាត់ ឈ្មោះប៉ោ សុផល និង ប្រពន្ធឈ្មោះ គួច ហ៊ី ។ បន្ទាប់មក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ បានកោះហៅលោក ថោង ស្រូយ លោក ប៉ោ សុផល និង ប្រពន្ធ ឈ្មោះ គួច ហ៊ី ទៅសាកសួរ និង ធ្វើកិច្ចសន្យាមិនអោយកែប្រែសំណៅដើម លើដីស្រះ ទំហំ ៥០ម៉ែត្រគុណនឹង១០០ម៉ែត្រនៅទីតាំងខាងលើនោះដោយបានចុះកិច្ចសន្យាថា ខ្លួនមិនផ្ទេរទៅអោយ អ្នកដទៃផ្សេងឡើយ ដោយរង់ចាំតុលាការដោះស្រាយ ចប់ទើបមានសិទ្ធិ គ្រប់គ្រាន់ ។

លោក ថោង ស្រូយ រៀបរាប់បន្តថា បន្ទាប់ពីធ្វើកិច្ចសន្យារួច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០០៤ ឈ្មោះ ប៉ោ សុផល និង ប្រពន្ធឈ្មោះ គួច ហ៊ី បានឃុបឃិតជាមួយឈ្មោះ លាងមួយងីម ផ្តល់សក្ខីកម្មក្លែង ស្នើសុំ អោយតុលាការរដ្ឋប្បវេណើទទួលស្គាល់លិខិតទិញ-លក់របស់ពួកគាត់ និង ចេញសាលក្រមទទួលស្គាល់លក់-ទិញទៀតផង ដោយពុំបានជូនដំណឹង ឬ កោះហៅលោក ថោង ស្រូយ ចូលរួមម្តងណាឡើយ ។

តាមការយល់ដឹងខ្លះៗរបស់លោក ថោង ស្រូយ រាល់ការលក់ទិញ ឬ លិខិតផ្ទេរសិទ្ធិលើអចលនទ្រព្យ ពីភាគីមួយទៅភាគីម្ខាងទៀត មិនដែលមានការស្នើសុំទទួល ស្គាល់ពីតុលាការនោះទេ នេះដោយសារមានចេតនាទុច្ចរិត ដឹងថាដីកំពុងមានទំនាស់ជាមួយម្ចាស់ដើម ដែលខ្លួនបាន លក់-ទិញ ក៏រត់រកពឹងពាក់តុលាការអោយធ្វើលិខិតមិនស្របច្បាប់ ទៅជាស្របច្បាប់។ នេះសបញ្ជាក់ថា អំពើអយុត្តិធម៌ និង អំពើពុករលួយអាចកើតមានឡើង រវាងអ្នកលក់ទិញ និង តុលាការ មកលើ លោក ថោង ស្រូយ យ៉ាងពិតប្រាកដ។

បន្ទាប់ពីរងនូវអំពើអយុត្តិធម៌បែបនេះ លោក ថោង ស្រូយ បានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌ ស្វែងរកយុត្តិធម៌ ។ ពេលនោះតុលាការព្រហ្មទណ្ឌថ្នាក់ក្រោមរហូតដល់កំពូល បានរកឃើញភស្តុតាងពិតប្រាកដ សម្រេចចោទប្រកាន់លើឈ្មោះ លាង មួយងីម និង ប្តីឈ្មោះ ថាន សុខ ពីបទ លួចលក់អចលនទ្រព្យអ្នកដទៃ តាមអំណាចសាលដីកាលេខ ១៣២ ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២0១៣ របស់តុលាកំពូល។ ដោយឡែកតុលាការរដ្ឋប្បវេណី នៃសាលាដំបូងរាជធានីភ្នំពេញ មិនគោរពអំណាច សាលដីការបស់តុលាការកំពូលឡើយ នៅពេលដែលលោក ថោង ស្រូយ ស្នើសុំអនុវត្តលើសាលដីកាតុលាការកំពូលក៏ដោយ។

ដោយពុំមានទំនុកចិត្ត លោក ថោង ស្រូយ បានប្តឹងទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ តាមរយៈ លោករដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ដោយសម្តេចបានឯកភាពតាមការជូនយោបល់របស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងបានចេញលិខិត ស.ជ.ណ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទស្តីការគណៈរដ្ឋមន្ត្រីលេខ ១៦៤ ស.ជ.ណ ចុះថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០០៦ ។ ទោះជាមាន ស.ជ.ណ ក៏តុលាការរដ្ឋប្បវេណីនៃសាលាដំបូងរាជធានីភ្នំពេញ មិនអើពើឡើយ ដោយអូសបន្លាយសំណុំរឿង យូរឆ្នាំមិនចាត់ការតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និង ការស្នើសុំរបស់លោក ថោង ស្រូយ ឡើយ។

លោក ថោង ស្រូយ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារ ដីស្រះខាងលើចំនួន៣លើករួចមកហើយ ដំបូងតុលាការទទួលពាក្យសុំហើយចេញដីការសម្រេចរក្សារការពារអោយ លោក ថោង ស្រូយ ។ ប៉ុន្តែ ដីការក្សាការពារពុំទាន់បានអនុវត្តផងតុលាការ ក៏ចេញដីកាសម្រេចលុបចោលដីកាសម្រេចរក្សាការពារនោះវិញ ។ បន្ទាប់មកទៀត ថ្មីៗនេះ តុលាការ បានចេញសាលក្រមរដ្ឋប្បវេណីលេខ ៣៦៩ “ឈ” ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សម្រេចមោឃភាពលិខិតផ្ទេរសិទ្ធិរវាងឈ្មោះ ថាន សុខ និង ប្រពន្ធឈ្មោះ លាង មួយងីម ជាមួយឈ្មោះ ប៉ោ សុផល និង ប្រពន្ធឈ្មោះ គួច ហ៊ី ចុះហត្ថលេខាដោយ លោក ចៅ សង្កាត់ច្រាំងចំរេះទី២ លេខ៣៦៥ ល.ប ចុះថ្ងៃទី២៦ ខែមេសាឆ្នាំ២០០៤ និង អោយលោក ថោង ស្រូយ ជាម្ចាស់សិទ្ធិពេញលេញ គ្រប់គ្រងដីស្រះខាងលើ ដោយបន្តអនុវត្តនីតិវិធីរំលត់កាតព្វកិច្ចតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល។ ចៅក្រមម្នាក់ៗសុទ្ធតែបានដឹងពីប្រវត្តិដីនៃដីទំនាស់នេះ គ្រប់គ្នា ថាជាដីដែលដាក់ធានាបំណុលម្ចាស់បំណុល មិនអាចយកទៅចាត់ចែងបានទេ តែដោយអំណាចនៃឆន្ទានុសិទ្ធិរបស់លោកចៅក្រម បានជាមានការបំពាននេះបន្តបន្ទាប់ជាហូរហែរមក ។

ដោយមានការព្រួយបារម្មណ៍ ចំពោះការបាត់បង់រូបភាពប្រភពដើមនៃដីស្រះ លោកឧកញ៉ាសូ សារិទ្ធិ ឃុបឃិតគ្នាជាមួយតុលាការសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ បានធ្វើការផ្ទេរកម្មសិទ្ធិជាបន្តបន្ទាប់អោយទៅឈ្មោះ សូ សុខថេង ថែមទាំងយកទៅចុះបញ្ជីក្បាលដីនៅការិយាល័យភូមិបាលរាជធានីភ្នំពេញ ហើយលក់បន្តទៅអោយក្រុមហ៊ុន ជីព ម៉ុង (CHIP MONG LANG) ដល់សព្វថ្ងៃនេះ ទោះជាលោក ថោង ស្រូយ បានដាក់ពាក្យសុំទប់ស្កាត់រង់ចាំសំណុំរឿងចប់ដល់អង្គសេចក្តីក៏ដោយ។

លោក ថោង ស្រូយ សូមគោរពដ៏ខ្ពង់ខ្ពស់ដល់ លោកប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ថ្នាក់ជាតិ មេត្តាផ្តល់មតិជាគំនិតស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះដូចជាលោក ថោង ស្រូយ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីមានចំណាត់ការជួយរកយុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវគេរំលោភបំពាន ទទួលបានស្របច្បាប់មកវិញដោយក្តីអនុគ្រោះ ៕ ចេស្តា

 


ចែករំលែក៖