នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ កាលពីថ្ងៃទី២៥ ខែតុលា បានប្រកាសថា លោកបានយល់ព្រមទៅតាមសំណើ សុំលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រី Isshu Sugawara ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បំពានប្បាប់បោះឆ្នោត ។
លោក Isshu Sugawara ទើបតែឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រយៈពេលជាង១ខែសោះ លោកក៏រងនូវការចោទប្រកាន់ពីការបំពារបំពានលើច្បាប់បោះឆ្នោត ទើបធ្វើឲ្យលោកសម្រេចចិត្តលាលែងពីតំណែងដ៏សំខាន់មួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានជប៉ុន ចុះផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក អ៊ីស៊ូ សូហ្គាវ៉ារ៉ា (Isshu Sugawara) បានដាក់លិខិតសុំលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់លើរូបលោកថា អាចរំលោភបំពានលើច្បាប់បោះឆ្នោត។
លោក អ៊ីស៊ូ សូហ្គាវ៉ារ៉ា ទើបតែកាន់តំណែង កាលពីខែមុននេះប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលជប៉ុនរបស់លោក ស៊ីនហ្សូ អាបេ បានរុះរើគណៈរដ្ឋមន្ត្រី ។ លោកទទួលបន្ទុកកិច្ចការដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងជប៉ុន និងកូរ៉េខាងត្បូង ។ ប៉ុន្តែនៅពេលនេះ លោកបានដាក់លិខិតសុំលាលែងពីតំណែងទៅជូនលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ រួចហើយ។
ការលាលែងចេញពីតំណែង ក្រោយពេល ទស្សនាវដ្តី Shukan Bunshun ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា បានបញ្ជាក់ថា លេខារបស់លោក Isshu Sugawara បានផ្ញើប្រាក់ ២ម៉ឺនយ៉េន ស្មើ (១៨៥ ដុល្លារអាមេរិក) ដល់គ្រួសារអ្នកគាំទ្រលោក នៅទីក្រុងតូក្យូ។ សកម្មភាពខាងលើត្រូវបានគេចោទថា សូកប៉ាន់ ទិញសន្លឹកឆ្នោត ខុសទៅនឹងច្បាប់បោះឆ្នោត ៕