ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ចុះបង្រ្កាបទីតាំងបញ្ជល់មាន់ដុះស្លែ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបញ្ជល់មាន់ដុះស្លែ មួយកន្លែងនៅខណ្ឌមានជ័យ ដែលក្រុមអ្នកញៀនល្បែងទាំងនោះតែងតែលួចឆ្មក់បើកលេងនៅក្នុងព្រៃស្ងាត់ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយអាជ្ញាធរសាលាសង្កាត់ និងកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះបង្រ្កាបជាក់ស្តែងប៉ុន្តែបានត្រឹមតែរើតង់ដោយមិនមានការឃាត់ខ្លួនមនុស្សឬសត្វមាន់ជល់នោះទេ ដោយសារតែក្រុមនោះទំនងជាដឹងខ្លួនមុនថាសមត្ថកិច្ច និងចុះបង្ក្រាប ។

ប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចជាប់នឹងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ទីតាំងជល់មាន់ខាងលើនេះ កាលពីមុនមកពិតជាមានសង្វៀនជល់ដ៏ធំមែន តែមកដល់ពេលបច្ចុប្បន្ននេះ មិនមានបើកលេងធំដូចមុនទេ ផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះ តែងតែណាត់គ្នា លួចឆ្មក់លេងម្តងម្កាល់តែប៉ុណ្ណោះ ។

លោកនាយប៉ុស្តិ៍បន្តថា ក្រោយពីទទួលព័ត៍មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ថា មានករណីមនុស្សមកប្រមូលផ្ដុំគ្នា បើកសង្វៀនជល់មាន់ឡើងវិញ ទើបកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញខណ្ឌចុះបង្ក្រាបជាក់ស្តែង ប៉ុន្តែមិនមានឃើញមានមនុស្សលេងនោះទេ គ្រាន់តែឃើញមានតង់សង់ធ្វើសង្វៀន រួចកម្លាំងបានរុះរើចេញយកមករក្សាទុក និងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ដើម្បីចាប់ខ្លួនដាក់ទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖