ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក រស់ សុភក្ត័ អភិបាលរងខណ្ឌ បានដឹកនាំកិច្ចប្រជ៉ំ ជូនដំណឹង ដល់ម្ចាស់ផ្ទះ និង អាជីវករលក់ដូរលើផ្លូវសាធារណៈ ចំណុចមុខគល់ស្ពានព្រះមុនីវង្សចាស់ តាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ដោយទុករយះពេល១សប្ដាហ៍ ឲ្យរុះរើចេញជាកំហិត។
វិធានការថ្មីនេះអាជ្ញាធរខណ្ឌមិនមានការយោគយល់ឡើយ ព្រោះកន្លងមកកម្លាំងសន្តិសុខបានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃដើម្បីកុំឲ្យលក់ដូរលើផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរ ។ ការណែនាំច្រើនលើកច្រើនសារមិនត្រូវបានអ្នកលក់ដូរអនុវត្តតាមអាជ្ញាធរឡើយ ថែមទាំងខឹងសម្បារមកលើកងកម្លាំងដែលចុះរៀបចំសណ្តាប់ធ្នាប់ និងប្រើពាក្យសម្តីមិនសមរម្យមកអាជ្ញាធរទៅវិញ ។ ផ្តើមចេញពីការផ្គើន និងចំណាត់ការ ឥឡូវនេះអាជ្ញាធរខណ្ឌលែងយោគយល់ទៀតហើយដោយទុករយៈពេល១សប្តាហ៍ ឲ្យអ្នកលក់លើផ្លូវទាំងអស់នៅចំនុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើតរើចេញជាកំហិត ។
ដូច្នេះសូមបងប្អូនអាជីវករទាំងអស់ចូលរួមសហការជាមួយអជ្ញារធរក្នុងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយដើម្បីសោរភ័ណ្ឌភាពទីក្រុង ៕ សណ្តោស