ព័ត៌មានទាន់ហេតុការណ៍៖

ទាហានរុស្ស៊ីម្នាក់បាញ់សម្លាប់ ទាហានដូចគ្នា៨ នាក់ និងរបួស២ នាក់

ចែករំលែក៖

មន្ត្រីរុស្ស៊ីបានថ្លែងថា ទាហានម្នាក់បានបាញ់សម្លាប់ទាហានដូចគ្នា៨ នាក់ និងរងរបួសពីរនាក់នៅមូលដ្ឋានយោធាមួយកន្លែង ស្ថិតនៅចុងបូព៌ាប្រទេសរុស្ស៊ី។

ប្រភពបាននិយាយថា ទាហានដែលត្រូវបានចាប់ឃុំខ្លួននោះ ប្រហែលជាមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត។

ការបាញ់ប្រហារបានកើតឡើងនៅក្នុងភូមិហ្គននី( Gorny) នៅមិនឆ្ងាយពីទីក្រុង ជីតា (Chita) កាលពីល្ងាច ថ្ងៃទី 25 ខែតុលា ឆ្នាំ 2019។

ខ្មាន់កាំភ្លើង មិនត្រូវបានបញ្ចេញអត្តសញ្ញាណនោះឡើយ។ មុនពេលកើតហេតុរូបគេគឺជាអ្នកយាមនៅទីនោះ។ ទាហានរូបនេះត្រូវបានគេកេណ្ឌប្រមូលមកកាន់បន្ទាយខាងលើ។

ក្រសួងការពារជាតិរុស្ស៊ីបាន ប្រកាសថា ការបាញ់ប្រហារបានកើតឡើងនៅ វេលាម៉ោង ១៨ និង ២០ នាទី (ម៉ោងក្នុងស្រុក) នៅអំឡុងពេលផ្លាស់ប្តូរវេនយាមនៅមូលដ្ឋានទ័ពក្នុងតំបន់ Transbaikal ។

ប្រភពព័ត៌មានរុស្ស៊ីបានផ្សាយថា មន្រ្តី ២ នាក់ ទាហានប្រាំមួយនាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ។

គណៈកម្មការពិសេសដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Kartapolov បានធ្វើដំណើរតាមយន្តហោះហោះទៅកាន់ តំបន់ដែលមានការបាញ់ប្រហារខាងលើនេះ ដើម្បីស៊ើបអង្កេតផងដែរ។

ការចូលបម្រើយោធាគឺជាកាតព្វកិច្ចនៅក្នុងប្រទេសរុស្ស៊ី សម្រាប់ពលរដ្ឋគ្រប់រូប ចាប់ពីអាយុ១៨ ឆ្នាំដល់២៧ ឆ្នាំ។ ជាធម្មតា ពួកគេបម្រើ កងទ័ព ក្នុងរយៈពេល ១២ ខែហើយបន្ទាប់មក ពួកគេអាចចុះកិច្ចសន្យាវិជ្ជាជីវៈដើម្បីបន្តនៅ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែម្ដង។

នៅពាក់កណ្តាលទសវត្សឆ្នាំ ២០០០ ក្រុមសិទិ្ធមនុស្សបានរាយការណ៍ពីការរីករាលដាល និងការសម្លុតធ្វើបាប ទៅលើក្រុមត្រូវបានគេស្គាល់ថា“ dedovshchina” ដែលប្រឆាំងនឹងការកេណ្ឌ កងទ័ពថ្មីនៅក្នុង ជួរកង កម្លាំងប្រដាប់អាវុធរុស្ស៊ី។

ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីបានអួតខ្លួនចំពោះការធ្វើទំនើបកម្មយោធា និងព្រមានទម្លុះរបាំងការពាររបស់សត្រូវ៕


ចែករំលែក៖