ព័ត៌មានទាន់ហេតុការណ៍៖

កាត់សោទ្វារផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិអស់ជាច្រើន គេចខ្លួនបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ បន្ទាប់ពីស្រាវជ្រាវដឹងថាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចកាត់សោទ្វារស័ង្កសីផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានសម្រេច នៅចំណុចផ្ទះលេខ៣អា ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង០១និង៣០នាទី ។

ជនសង្ស័យឈ្មោះ វន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ អោម ពិសី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមន្រ្តីរដ្ឋសភា ស្នាក់នៅផ្ទះលេខ៣អា ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌព្រែកពៅ បានឲ្យដឹងថា មុនថ្ងៃកើតហេតុ ជនរងគ្រោះបានបិទទ្វារផ្ទះដាក់គន្លឹះត្រឹមត្រូវ រួចចូលដេកនៅក្នុងផ្ទះ រហូតដល់ម៉ោង០១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ខែតុលាឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យផ្លោះរបងចូលទៅក្នុង ឡើងទៅលើដំបូលផ្ទះជនរងគ្រោះចាក់ប្លង់សេ រួចយកកន្ត្រៃកាត់ទ្វារ ស័ង្កសីលូកដៃឆ្កឹះគន្លឹះបើកទ្វារចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិរួមមាន ៖ (លុយដុល្លារ លុយខ្មែរ លុយសិង្ហបុរី សរុប ៣០០ដុល្លារ), ម៉ាស៊ីនថតរូប០១គ្រឿង, នាឡិកាដៃ០១គ្រឿង និងកូនសោរថយន្ត០១ រួចគេចខ្លួនយកម៉ាស៊ីនថតទៅលក់ឲ្យគេបានលុយ ២០ដុល្លារ យកលុយស៊ីចាយអស់។

មន្រ្តីដដែលបន្តថា ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ ម៉ោង៣និង០០នាទីទៀបភ្លឺ សមត្ថកិច្ចប្រទះឃើញជនសង្ស័យក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕សណ្ដោស


ចែករំលែក៖