ព័ត៌មានទាន់ហេតុការណ៍៖

កំពុងភ្ជាប់ពាក្យកូនកំលោះ រន្ទះបាញ់ឪពុកនិងកូន សន្លប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖​ ជារឿងមួយចម្លែកដែរខណៈមាន​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ដោយ​បាតុភូត​រន្ទះបាញ់មួយលើក​ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​២​នាក់ ឪពុក​ និង​កូន រងរបួសធ្ងន់ ខណៈជនរងគ្រោះជាឪពុក​កំពុង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស​កូនស្រីនៅផ្ទះរបស់គាត់ ។

មន្រ្តីនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ហេតុការណ៍​រន្ទះ​បាញ់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០៥​នាទីល្ងាចថ្ងៃ ចន្ទ ១ កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ នៅចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស​កូនស្រី ស្ថិតក្នុង ភូមិ​-​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ជនរងគ្រោះពីរនាក់ឪពុកនិងកូន ត្រូវបានក្រុមគ្រួសារទូរស័ព្ទហៅរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចដដែល​បាន​ឲ្យ​ដឹងទៀតថា ជនរងគ្រោះ​ទាំង​២​នាក់ ឪពុក ​និង​ កូន​ មានឈ្មោះ​ដូចខាងក្រោម ​៖
១.ឈ្មោះ អិន អឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​រងរបួស​ស្រាល​) ​ត្រូវ​ជា​ឪពុក​កូន​កំលោះ
២.ឈ្មោះ អេ​ន មេសា ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​រងរបួស​ធ្ងន់​)ជាប្អូនបង្កើតកូនកំលោះ។ ជនរងគ្រោះ​ទាំង​០២​នាក់ រស់នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើពិធីភ្ជាប់ពាក្យកូនកំលោះ​ គាប់ជួនមានភ្លៀងធ្លាក់ស្រិច លាយឡំដោយផ្គររន្ទះបានបាញ់កក្រើកភូមិ ធ្វើឲ្យជនរងគ្រោះពីរនាក់ឪពុកនិងកូនដែលកំពុងនៅក្រោមដួលសន្លប់ទាំងពីរនាក់តែម្តង ។

ក្រោយពេល​កើតហេតុបានមួយសន្ទុះក្រោមការសង្រ្គោះបឋមរបស់ក្រុមគ្រួសា ជនរងគ្រោះ​ទាំង​២​នាក់ បានដឹងខ្លួន និង​ត្រូវ​បាន​​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែងភ្លាមៗដែរ ៕ ប៉ែននួន


ចែករំលែក៖