ភ្នំពេញ៖ ថ្នាក់ដឹកនាំ និង និស្សិតម៉ាឡេស៊ីចំនួន ២០ នាក់ បានចូលជួបសំដែងការគួរសម ជាមួយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស នៅឯការិយាល័យផ្ទាល់របស់លោក កាលពីរសៀលថ្ងៃទី២៨ តុលា ឆ្នាំ២០១៩ ។
ជំនួបនេះធ្វើឡើងក្រោយពីនិស្សិតទាំងអស់ បានបញ្ចប់បេសកកម្មអប់រំ និងសម្អាតបរិស្ថាន អស់រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ២៥ ២៦ និង ២៧ នៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
និស្សិតម្នាក់បានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃនៅឯភូមិជ្រោយមេត្រី ពួកគេបានអប់រំបងប្អូនប្រជាពលរដ្ឋអំពីការថែទាំបរិស្ថាន និងបានប្រមូលសំរាមដុតចោល ព្រមទាំងបានធ្វើកន្លែងដុតសំរាមសម្រាប់ពួកគាត់ទៀតផង ក្រៅពីនេះពួកគេក៏បានបង្រៀនភាសាអង់គ្លេស ដល់ក្មេងៗនៅក្នុងភូមិនោះផងដែរ។
លោក ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និង កោតសរសើរចំពោះទឹកចិត្តរបស់ក្មួយៗនិស្សិត ដែលបានជ្រើសរើសប្រទេសកម្ពុជាក្នុងដំណើរបេសកកម្មរបស់ខ្លួន។ នេះគឺជាគំរូមួយប្រាប់ពិភពលោកឱ្យចេះស្រឡាញ់បរិស្ថាន និង ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។ ក្រៅពីនេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ដែលជាចំណុចគន្លឹះសំខាន់ៗមួយចំនួន ក្នុងការសិក្សារៀនសូត្រ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយត្រូវតែប្រកាន់ខ្ជាប់ នូវភាពស្មោះត្រង់ នូវរាល់សកម្មភាពការងារ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានបង្ហើបប្រាប់ក្មួយក្មួយៗនិស្សិត អំពីវឌ្ឍន ភាពថ្មីៗ នៃវិស័យអប់រំផ្នែកសាសនាឥស្លាមនៅកម្ពុជាផងដែរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់៕ សំរិត