ខេត្តស្ទឹងត្រែង៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសាកសួរសុខទុក្ខដល់សមាជិក សមាជិកសហគមន៍នេសាទនៅខេត្តស្ទឹងត្រែងប្រមាណ ២០០ នាក់ នឹងទូកស្មាច់៥០គ្រឿងជូនដល់ប្រជាសហគមន៍នេសាទ ក្នុងការល្បាតចុះតាមកោលដៅ ដើម្បីឲ្យស្វែងយល់បន្ថែមពីការចូលរួមគ្រប់គ្រងធនធានជលផល ពីសហគមន៍។
ពិធីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ នៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោកលៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានសហគមន៍នេសាទទាំងអស់ចំនួន ៥២ ក្នុងនោះគណៈកម្មការសហគមន៍នេសាទទាំងអស់ចំនួន ២៥១ នាក់ (ស្រី ៦១ នាក់) និងសមាជិកសហគមន៍ចំនួន ១០ ២១២ នាក់ (ស្រី ៥ ១២៩ នាក់) និងដោយមានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមូលដ្ឋាន និងជំនាញ។
លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរចំពោះសហគមន៍នេសាទទាំងអស់នៅខេត្តស្ទឹងត្រែង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភរិក្សធនធានជលផលនៅក្នុងដែននេសាទរៀងៗខ្លួនយ៉ាងមានប្រសិទ្ធភាព។
លោកសង្កត់ធ្ងន់ថា ធនធានទាំងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាសហគមន៍។ លោកអភិបាលខេត្តបានបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ខណ្ឌរដ្ឋបាលជលផល ឆ្នាំនេះយើងបានកាត់បន្ថយការនេសាទដោយល្មើសច្បាប់ជាច្រើន ជាពិសេសក្នុងរដូវបិទនេសាទ។ លោកក៏មានក្តីសង្ឃឹមផងដែរថា តាមរយៈការរួមគ្នាជាកម្លាំងសាមគ្គីគ្នា ដើម្បីការពារធនធានមច្ឆាជាតិនៅខេត្តស្ទឹងត្រែង នឹងមានការកើនឡើងនាថ្ងៃខាងមុខ។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរ និងក្រើនរំលឹកសារជាថ្មីដល់សហគមន៍នេសាទ ឲ្យរួមគ្នាគ្រប់គ្រង ការពារថែរក្សា និងប្រើប្រាស់ដោយខ្លួនឯងនូវធនធានជលផលដែលមាននៅក្នុងដែននេសាទសហគមន៍ ឲ្យមានចិរភាពដល់កូនចៅជំនាន់ក្រោយៗទៀង។
លោករដ្ឋមន្រ្តីបានរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចលុបចោលនូវឡូតិ៍នេសាទទូទាំងប្រទេស ដោយប្រគល់ឲ្យសហគមន៍តាមមូលដ្ឋានជាម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់ដោយខ្លួនឯង។
សូមបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគ្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី ៣ សមាសភាគទី ១ គឺបានប្រគល់ទូកល្បាតចំនួន ៥០ គ្រឿង ជូនដល់សហគមន៍នេសាទក្នុងតំបន់គោលដៅគម្រោង ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង ៕ មាស សុផាត