ភ្នំពេញ៖ អង្គការ Save the Children និង ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលបទពិសោធន៍កម្មវិធីអំណានដំបូងនៅថ្ងៃនេះ ក្នុងខេត្តកំពង់ចាម។ កម្មវិធីនេះមានការចូលរួមជាគណអធិបតីពី ឯកឧត្តម ប្រាក់ កុសល អគ្គនាយករង គណៈកម្មាធិការជាតិទទួលបន្ទុកគាំពារ និងអភិវឌ្ឍន៍កុមារតូច ប្រធាននាយកដ្ឋានអប់រំកុមារតូច និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា។
អ្នកចូលរួមក្នុងសិក្ខាសាលាមានចំនួនច្រើនជាង១០០នាក់ រួមមាន អ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ការិយាល័អប់រំ ស្រុក ខេត្ត ក្រុមហ៊ុនពូ្រដិនសល ដៃគូសង្គមស៊ីវិល មេឃុំ និងគណៈកម្មាធិការទទួលបន្ទុកស្រ្តីនិងកុមារឃុំ ក៏ដូចជា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល របស់កុមារក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រៃវែង។កម្មវិធីអំណានដំបូង ដែលទទួលបានការគាំទ្រពី មូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី បានអនុវត្តការងារក្នុងខេត្តចំនួន៤ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តក្រចេះ តាំងពីឆ្នាំ ២០១៣ មក។ កម្មវិធីនេះផ្តោតសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើងនូវការអានសម្រាប់កុមារតាម រយៈការលើកកម្ពស់បំណិនបុរេភាសា និងបំណិនបុរេគណិត។ វាក៏ជួយដល់បញ្ញាការគិត និងជំនាញចិត្តចលភាព ក៏ដូចជាពង្រឹងការអភិវឌ្ឍសង្គមអារម្មណ៍។
លោកស្រី អេលីហ្សាបែត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «កម្មវិធីនេះបានជួយដល់មនុស្ស ៥ម៉ឺននាក់ជាងក្នុងរយៈពេល ៣ឆ្នាំនេះ ក្នុងចំណោមនោះ ជាង២ម៉ឺន ៥ពាន់នាក់ជាកុមារ»។ លោកស្រីបានបន្ថែមទៀតថា៖ «ការវាយតម្លៃចុងក្រោយបង្ហាញថា ឪពុកម្តាយ និងអាណាព្យាបាលបានបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេ ចំពោះការថែទាំកុមារឆ្លើយតបទៅនឹងតម្រូវការ និងការរៀនសូត្រតាំងពីដំបូងរបស់កូនៗ។ ឧទាហរណ៍ ពួកគេចាប់ផ្តើមអានជាមួយគ្នានៅផ្ទះ និងលេងល្បែងអប់រំដែលជួយដល់ការរៀនអាន និងលេខ»។ តាំងពីការបង្កើតកម្មវិធីនេះមក អង្គការ Save the Children បានកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូក្នុង វិស័យឯកជនដើម្បីផ្តល់ចំណេះដឹងដល់អ្នកទទួលផល តាមរយៈបង្កើនគុណភាពសៀវភៅកុមារ របស់អ្នកនិពន្ធក្នុងស្រុក និង អង្គការមិនមែនរដ្ឋាភិបាល។
អ្នកបោះពុម្ពចំនួន១១ ដែលបានទទួលវគ្គបណ្តុះបណ្តាលរួច បានចូលរួមបោះពុម្ភសៀវភៅជាភាសាខ្មែរសម្រាប់កុមារ។ ជាពិសេស សៀវភៅដែលត្រូវបានរចនាឡើងពីក្រណាត់យ៉ាងពិសេសសម្រាប់ក្មេងៗបានដាក់លក់នៅបណ្ណាល័យស៊ីប៉ា និងបណ្ណាគារនៅក្នុងប្រទេសកម្ពុជាដំបូងគេ។ សៀវភៅក្រណាត់នេះ គឺរចនាឡើងដែលស្របនឹងអាយុរបស់កុមារ ដែលអាចឱ្យកុមារអាចកាន់និងអានចាប់តាំងពីវ័យដំបូង។ សៀវភៅ១១ក្បាលបានផលិតឡើង ស្របនឹងកុមារដែលមានអាយុ០ទៅ៣ឆ្នាំ និងពី៤ទៅ៦ឆ្នាំ។ លោកស្រី អេលីហ្សាបែត ភៀសបានពន្យល់ថា៖ «ឃុំគោលដៅចំនួន៤២ បានបញ្ចូលផែនការការគាំពារ និងអភិវឌ្ឍន៍កុមារតូច ទៅក្នុងផែនការវិនិយោគឃុំ។ ជាលទ្ធផល ភូមិចំនួន៦៦ បានបន្តកិច្ចប្រជុំឪពុកម្តាយជាប្រចាំដោយប្រើប្រាស់ធនធានរបស់ភូមិ»។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “យើងរីករាយដែលឃើញពីលទ្ធផលរបស់កម្មវិធីនេះ និងផលជះជាវិជ្ជមានក្នុងការជួយដល់កុមារទទួលបានគុណភាពជីវិតប្រសើរ ឡើង។ យើងនឹងស្វែងរកឱកាសក្នុងការបន្តភាពជាដៃគូជាមួយអង្គការ Save the Children ដើម្បីអនុវត្តកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចនៅក្នុងប្រទេស”៕ វឌ្ឍនា