ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវកូនប្រុសបង្កើតកាប់ជាច្រើនកាំបិតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន÷ វេលាម៉ោង ១៨ និង ៥០នាទីថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ( កូនប្រុសបង្កើតកាប់ឪពុកបង្កើត) ជាច្រើនកាំបិត នៅចំណុចអូរខ្យង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ចំថ្ងាស់ សាច់ដុំដៃស្តាំ ប្រអប់ដៃស្តាំ និង ភ្លៅស្តាំ សរុបប្រហែលចំនួន១៨ថ្នេរ មូលហេតុទាស់ពាក្យសម្តីគ្នារឿងបញ្ហាចែកដីធ្លី ។

ជនរងគ្រោះឈ្មោះ ថាន់ ផន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាឱពុកបង្កើត)។

ជនបង្ករឈ្មោះ ភឹម ភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( ត្រូវជាកូនបង្កើតមានសតិមិនគ្រប់ )។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖