ភ្នំពេញ: នារីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចាស់ តែមិនបានសម្រេចត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញជួយឃាត់ទាន់។
ហេតុការណ៍នេះបានកើតទ្បើងកាលពីម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលប៉ងលោតទឹកសម្លាប់ខ្លួនមាន ឈ្មោះ អៀង វត្តី អាយុ១៩ ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៦ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់
ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចេញមកពីខារ៉ាអូខេស្ពានមាស ឡើងស្ពានជ្រោយចង្វាចាស់ ក្នុងទិសដៅពីលិចទៅកើត បានពាក់កណ្តាលស្ពាន ក៏ស្រាប់តែឲ្យម៉ូតូកង់បីឥណ្ឌា នោះឈប់ រួចក៏ឈរយំមួយសន្ទុះ បន្ទាប់មកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែម្ដង ប៉ុន្តែត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ទាន់ពេលវេលា ហើយបាននាំមកគោលដៅរំរង្វង់មូលព្រហ្មមុខបួន ដើម្បីសួរនាំ។
ភ្លាមៗនោះសន្លប់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ជួយដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុ ដើម្បីព្យាបាល លុះពេលជនរងគ្រោះ បានរាងស្រួលខ្លួនវិញ ទើបជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ខ្លួនធ្លាប់មានគូដណ្តឹងចំនួន២នាក់ ហើយម្នាក់មុន គឺបែកគ្នាអស់រយ:ពេល៣ឆ្នាំ ហើយលើកក្រោយនេះ នៅមិនទាន់បែកគ្នានោះទេ។
មូលហេតុដែលចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសផង គួបសមជាមួយសង្សារផងនោះ ក៏ជិះកង់បីឥណ្ឌាទៅដល់លើស្ពានជ្រោយចង្វាគោលបំណង តេហៅឲ្យសង្សារមកជួប តែប៉ុណ្ណោះ ហើយពេលដែលសមត្ថកិច្ច ចាប់ឃាត់នោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone 6 ភ្លើសមួយគ្រឿង ចូលទៅក្នុងទន្លេបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាបានទំនាក់ទំនងហៅម្តាយនារីដែលប៉ងលោតទឹកសម្លាប់ខ្លួន ឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕ ជ្រោយពេជ្រ