ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តម៉ាក មេកស័រដេស ជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក និងម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៦៣ កែងនិងផ្លូវលេខ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសរងគ្រោះម្នាក់ជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉ក បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរុឺម តាមបណ្ដោយផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង ព្រមទាំងមានម៉ូតូរងគ្រោះមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1B-4432 បានធ្វើដំណើរស្របគ្នាផងដែរ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក មេកស័រដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-6381បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរបញ្ច្រាសផ្លូវគ្នា និងជែងគេឯងទាំងស្ថានភាពស្រវឹង ហើយជ្រុកចង្កូតមកបុករុឺមសណ្ដោងម៉ូតូ បណ្ដាលឲ្យដាច់កង់ម្ខាង និងបុកប៉ះម៉ូតូខាងលើរងការខូចខាតផងដែរ ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានជួយសម្រួលចរាចរណ៍ ព្រមទាំងសម្របសម្រួលភាគីបង្ក និងភាគីរងគ្រោះឲ្យត្រូវរូវគ្នា ដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាតទៅម្ចាស់រុឺម៉កសណ្ដោងចំនួន100$ និងភាគីខាងម្ចាស់ម៉ូតូរងគ្រោះចំនួន50$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ