ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅទល់មុខវិទ្យាល័យ ជា សុីម សាមគ្គី ត្រូវរថយន្តម៉ាកTACOMA បើកបុកទម្លុះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ចកាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គីក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តបង្ករមានឈ្មោះ សូត្រ រតនៈ ភេទប្រុសអាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បើករថយន្តបង្ករម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC -9834 ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តខាងលើក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះក៏បានរេចង្កួតមកខាងស្ដាំដៃជ្រុលទៅបុកចំដើមឈើបន្តិច ហើយទៅបុកទំលុះផ្ទះប្រជាពរដ្ឋដល់ទៅពីរផ្ទះរងការខូចខាតបាក់រាយប៉ាយពេញផ្លូវ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំនិងកល់ជាប់ទៅមុខលែងរួច ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យម្ចាស់ផ្ទះ និងប្រជាពលរដ្ឋរងរបួសនោះទេគ្រាន់តែខូចខាតជញ្ជាំងផ្ទះនិងសំភារៈផ្សេងៗមួយចំនួនធំតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំនុចកើតហេតុភ្លាមៗ និងបាននាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១រង់ចាំប្រគល់ឲ្យជំនាញ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរថយន្តបង្ក ព្រមទាំងម្ចាស់រថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ