ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៣ កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី។

លោកយោប អះស្ការី អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ដែលអមដំណើរ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឱ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងក្នុងរយពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃ ៣០ ខែតុលា ដល់ថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌូនេស៊ី។

ដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ត្រីនិងគណៈប្រតិភូ នឹងជួបពិភាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ Muhammad Tito Karnavian រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ Bapak H. Fachrul Razi រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា បណ្តាថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមួយចំនួនទៀត ដើម្បីទំនាក់ទំនងផ្សព្វ ផ្សាយពីគោលនយោបាយសុខដុមបនីយកម្មសាសនា នឹងស្ថានការណ៍នយោបាយនៅកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះផងដែរ លោក នឹងអញ្ជើញផ្តល់បឋកថា នៅឯសកលវិទ្យាល័យ al ashar ដើម្បីបញ្ជាក់ពីការរស់នៅប្រជាពលរដ្ឋខ្មែរឥស្លាមប្រកបដោយសុខដុមរម្យនា ផងដែរ ៕ សំរិត


ចែករំលែក៖