ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងទាំង៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។
ជាមួយនឹងការហ្វឹកហាត់នេះ មានការចល័តកម្លាំងទ័ពចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ជាមួយការចល័តកម្លាំង ដើម្បីហ្វឹកហាត់នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលមានការចល័តកម្លាំង។
សូមបញ្ជាក់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការដាក់ពង្រាយកម្លាំងនគរបាលមួយចំនួនផងដែរ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងច្រកទ្វារ។ ការពង្រាយកម្លាំងពង្រឹងសន្តិសុខនេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនក្បត់ជាតិ សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃចូលកម្ពុជា មកគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ការប្រមូលផ្តុំកងកម្លាំងក្នុងខេត្តបន្ទាយមានជ័យ ដើម្បីហ្វឹកហាត់នៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា ជាការប្រមូលផ្តុំកម្លាំងត្រៀមបង្កាទប់ទល់ នឹងចលនាបង្កអសន្តិសុខរបស់ក្រុមជនក្បត់ជាតិ សម រង្ស៉ី ផងដែរ៕